(ភ្នំពេញ)៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ មានរៀបចំពិធីសម្ពោធការបង្កើតគម្រោងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលរវាងភាគីកម្ពុជា តំណាងដោយ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយភាគីចិន តំណាងដោយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ (Jiangsu Vocational Institute of Commerce) និង ក្រុមហ៊ុន Nanjing Yunkai Data Technology ប្រទេសចិន។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ និស្សិត និង ក្រុមហ៊ុននានា។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនេះ គឺជាការវិនិយោគលើការកសាង សមត្ថភាពយុវជនកម្ពុជារយៈពេលវែង លើជំនាញដែលជាសេចក្តីត្រូវការសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និង ភាពធន់ នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ ២០១៧, កម្ពុជា និង ចិន បានសម្រេចកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ, ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម និង ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និង ឌីជីថល ។
ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា លើជំនាញពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce), គ្រប់គ្រងភស្ភុភារកម្មតាមបែបទំនើប (Modern Logistics Management) និង Internet of Things និងជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងផ្តល់លក្ខណៈពិសេសដោយឡែក ពីកម្មវិធីសិក្សាផ្សេងទៀត តាមរយៈការផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា ទទួលបានចំណេះដឹង និងបទពិសោធ នៃការសិក្សាពីរប្រទេស នៅក្នុងកម្មវិធីសិក្សាតែមួយ ពោលគឺ និស្សិតត្រូវសិក្សា២ឆ្នាំ នៅកម្ពុជា និង២ឆ្នាំទៀត នៅប្រទេសចិន ដោយទទួលបានសញ្ញាបត្រ ដែលទទួលស្គាល់ ដោយក្រសួងអប់រំ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ, ដំណើការនៃការបណ្តុះបណ្តាលក្រោមកិច្ចសហប្រតិបត្តិការនេះ មានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសមាគមវិនិយោគចិននៅកម្ពុជា ព្រមទាំងបណ្តាសហគ្រាសធំៗ មួយចំនួន នៅកម្ពុជា និង នៅប្រទេសចិន តាមរយៈការផ្តល់ឱកាសហាត់ការជូននិស្សិតដែលកំពុងសិក្សា រួមទាំងការផ្គូរផ្គងការងារទៅបណ្តាក្រុមហ៊ុន និង សហគ្រាសចិនដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា និង ក្នុងតំបន់ ចំពោះនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យ។
គួរបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលលើជំនាញ e-Commerce, Modern Logistics Management និង Internet of Things ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ ២០២៥ ខាងមុខ។ ជាមួយនេះ, សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មានបើកថ្នាក់សិក្សាថ្មី កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង បរិញ្ញាបត្ររង លើជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ, ធនាគារនិងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ពន្ធដារនិងសវនកម្ម, ហិរញ្ញវត្ថុ, និង គ្រប់គ្រងធុរកិច្ច ជាដើម៕