(ភ្នំពេញ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌបឹងកេងកង លោក សំហេង បុរស បានណែនាំនិងជំរុញឱ្យមន្ត្រីទាំងអស់ត្រូវបន្តបម្រើពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមគោនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។
ការណែនាំនេះធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង អភិបាលរង អធិការ មេបញ្ជាការ ចៅសង្កាត់ និងមន្ត្រីរជការចំណុះរដ្ឋបាលខណ្ឌជាច្រើនរូបទៀតផងដែរ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានឡើងអានរបាយការណ៍ជាច្រើនដែលរដ្ឋបាលខណ្ឌសម្រេចបានដោយភាពល្អប្រសើរ និងបានផ្តល់ជាអត្ថប្រយោជន៍ជូនជាតិ និងប្រជាជន ជូនគណអធិបតីជ្រាប និងបង្ហាញពីទិសដៅការងារបន្តបន្ទាប់ជាច្រើនទៀត ដែលនឹងចាំបាច់ត្រូវបំពេញឱ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោក សំហេង បុរស បានឡើងមានមតិសំណេះសំណាលជាមួយមន្ត្រីរាជការនៅទូទាំងរដ្ឋបាលខណ្ឌ ដោយលោកបានណែនាំនិងជំរុញដល់មន្ត្រីឱ្យបន្តការបង្កើនការយកចិត្តទុកដាក់ខ្ពស់ជាមួយការបម្រើប្រជាពលរដ្ឋ។
លោកបន្តថា នេះមិនមែនជារឿងថ្មីនោះទេ ដែលយើងទាំងអស់គ្នា ក្នុងនាមមន្ត្រីរាជការ ត្រូវខិតខំក្នុងបុព្វហេតុបម្រើសង្គមជាតិ និងប្រជាជន វាគឺជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដែលត្រូវតែធ្វើជាប្រចាំ ប្រកបដោយសុឆន្ទៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការស្មោះត្រង់បំផុត ព្រោះថារាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិបានខិតខំជាខ្លាំង ក្នុងការធ្វើកំណែទម្រង់ផ្សេងៗជាច្រើន សំដៅឈានទៅរកភាពសុខដុមរមនា និងការអភិវឌ្ឍដល់ប្រទេសជាតិ ដូច្នោះហើយក្នុងនាមយើងជាអ្នកប្រតិបត្តិនៅរដ្ឋបាលក្រោមជាតិ គឺត្រូវតែគោរពនិងប្រតិបត្តិការងារឱ្យខ្ជាប់ខ្ជួនបំផុត។
លោកក៏បានចែករំលែកបទពិសោធន៍ជាច្រើន ជូនដល់មន្ត្រីកំពុងមានវត្តមានក្នុងអង្គពិធីទាំងមូល គ្រាន់ជាទន់សម្រាប់ការយកទៅអនុវត្តកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង ពិសេសសម្រាប់មន្ត្រីក្មេងៗជំនាន់ក្រោយៗ។
នាឱកាសនោះ លោក សំហេង បុរស ក៏បានឧបត្ថម្ភថវិការដល់មន្ត្រីទាំងអស់ក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕