(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងស្នើដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវតែមានការរៀនសូត្រជាបន្ដបន្ទាប់ និងមាននវានុវត្ដន៍ក្នុងការបំពេញការងារ ជាពិសេសត្រូវក្រមសីលធម៌វិជ្ជាជីវៈជាប់នឹងខ្លួនជានិច្ច ដើម្បីទទួលបានសេចក្ដីទុក្ខចិត្ដពីអ្នកជំងឺ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសតំណាងលោកសាស្ដ្រចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាព បើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី ៥ និងថែទាំវេជ្ជសាស្ត្រលើកទី ៣ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្រោមប្រធានបទ «ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។
លោកស្រីបានបន្ដថា «លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល គឺតែងតែផ្ដាំផ្ញើដល់មន្ដ្រីសុខាភិបាលថា ដើម្បីឱ្យយើងទទួលបានការទុកចិត្ដពីអ្នកជំងឺ គឺយើងត្រូវមាន ៤ចំណុចសំខាន់ៗ៖ ១) ត្រូវតែមានការរៀនសូត្របន្ដ បើក្នុងករណីប្រធានផ្នែកមួយ ទទូលបានចំណេះដឹងអ្វីថ្មីបន្ថែម គឺត្រូវតែចែករំលែកការងារនោះឱ្យគ្នាយើងបន្ដ ព្រោះថាក្នុងផ្នែកនីមួយៗបើយើងមានតែម្នាក់ចេះ គឺមិនអាចធ្វើអ្វីបានជោគជ័យនោះទេ។ ២) ត្រូវមាននវានុវត្ដន៍ ៣) ក្រមសីលធម៌វិជ្ជាជីវៈជាប់នឹងខ្លួនជានិច្ច និងទី៤) ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងដៃគូអភិវឌ្ឍជាដើម»។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងបន្ដទៀតថា ដូច្នេះទិវានេះជាឱកាសដ៏សំខាន់មួយ ដើម្បីបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិត ដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងបម្រើដល់អ្នកជំងឺ។
«ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក យើងស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាព។ ការងាររបស់យើងបង្ហាញពីបទពិសោធន៍ និងលទ្ធផលរបស់អ្នកជំងឺដែលពឹងផ្អែកលើយើង ដោយតាមរយៈការសហការគ្នា ការចូលរួម និងការច្នៃប្រឌិត ដែលយើងបានផ្តល់ទៅឱ្យពួកគាត់តាមស្តង់ដារនៃការព្យាបាល និងការថែទាំ។ ហើយក៏ជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពអ្នកជំងឺ តាមរយៈការអនុវត្តផ្ទាល់របស់យើង បច្ចេកទេសវះកាត់ទំនើប និងការថែទាំ»។នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីសាស្ដ្រាចារ្យ។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានគូសបញ្ជាក់ទៀតថា ថ្ងៃនេះមន្ដ្រីសុខាភិបាលមានសំណាង ដែលមានអ្នកជំនាញសុខាភិបាល ទាំងក្នុងនិងក្រៅប្រទេស មកចែក
រំលែកនូវចំណេះដឹង ការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។ ទិវាវេជ្ជសាស្ត្រនេះនឹងមិនត្រឹមតែពង្រីកការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះ
បញ្ហាប្រឈមដែលជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាព ដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ សូមឱ្យមន្ដ្រីសុខាភិបាលទាំងអស់ ប្រើប្រាស់ពេលវេលានេះ ដើម្បីចូលរួមយ៉ាងពេញលេញ សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យ
ដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើម រហូតបញ្ចប់។ លើសពីនោះត្រូវរួមគ្នា ដើម្បីរុញច្រានការផ្ដល់សេវា ព្យាបាល និងថែទាំសុខភាព ឱ្យកាន់តែបានល្អប្រសើរឡើងថែមទៀត ដោយធានាទៀតថា អ្នកជំងឺគ្រប់រូបនឹងទទួលបានស្ដង់ដារខ្ពស់បំផុត នៃការព្យាបាល និងថែទាំ។
តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងឱ្យដឹងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ «ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល» គឺប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្នុងនាមលោកតំណាងឱ្យមន្ទីរពេទ្យ មានការជឿជាក់ថា ក្នុងរយៈពេល ០២ថ្ងៃនេះ មន្ដ្រីបុគ្គលិកទាំងអស់គ្នា នឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលបានរៀននៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ៕