(ភ្នំពេញ)៖ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូន និងលេខាធិការដ្ឋានរេដបូកជាតិ នៃក្រសួងបរិស្ថាន និងលោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការ CI) នៅថ្ងៃសុក្រទី ១១ ខែតុលា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខារួមគ្នាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោង អភិរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង។
ពិធីនេះមានការអញ្ជើញចូលរួមផងពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងអគ្គនាយកដា្ឋនសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លេខាធិការដ្ឋានកិច្ចការឥណទានកាបូន លេខាធិការដ្ឋានរេដបូកជាតិ តំណាងពីក្រុមហ៊ុន Global Green Natura Co., Ltd (GGN) និងអ្នកពាក់ព័ន្ធសំខាន់សរុបប្រមាណ ៣៤នាក់ (ស្រ្តី៥នាក់)។ គម្រោងអភិរក្សនៅឧទ្យានជាតិ វើនសៃសៀមប៉ាងនឹងផ្តោតលើការគាំទ្រការគ្រប់គ្រងតំបន់ការពារ កាត់បន្ថយការបាត់បង់ព្រៃឈើ អនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ធ្វើផែនការប្រើប្រាស់ដីធ្លី អភិវឌ្ឍអេកូទេសចរណ៍ និងគម្រោងរេដបូក ដោយធានាបាននូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សនិងធម្មជាតិនៅក្នុងតំបន់វើនសៃ-សៀមប៉ាង ភូមិសាស្ត្រខេត្តរតនគីរី និងខេត្តស្ទឹងត្រែង។ល។
នាយកប្រចាំប្រទេសនៃអង្គការ CI បានថ្លែងថា៖ «ពេលនេះ គឺជាពេលសំខាន់ដែលយើងចាំបាច់ត្រូវធ្វើការរួមគ្នាបន្ថែម ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់យន្តការទីផ្សារ ដោយមានការអនុវឌ្ឍគម្រោងរេដបូកជាដើម ធ្វើយ៉ាងណារក្សាការពារធម្មជាតិ។ អង្គការ CI សូមថ្លែង អំណរគុណចំពោះទំនុកចិត្ត និងសុច្ឆន្ទៈក្នុងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចអភិរក្សពីភាគីពាក់ព័ន្ធទាំងអស់រួមមាន រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូអភិវឌ្ឍន៍។ អង្គការ CI ត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តបេសកកម្មដ៏សំខាន់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូ និងអ្នកពាក់ពន្ធ័ ដើម្បីឱ្យមនុស្សអាចរស់នៅដោយសុខដុមនឹងធម្មជាតិ»។
អង្គការ CI ពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិរក្ស និងស្ដារព្រៃឈើ លើកកម្ពស់ការការពារ ជីវៈចម្រុះ និងពង្រឹងជីវភាពសហគមន៍ ឧទ្យានជាតិវើនសៃសៀមប៉ាង ដោយមានសហការយ៉ាងរឹងមាំជាមួយក្រសួងបរិស្ថាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Arcus កម្មវិធីគ្រប់គ្រងដីធ្លីក្នុងតំបន់មេគង្គ (MRLG) និងក្រុមហ៊ុន GGN។
សូមបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០០៩ មក អង្គការ CI បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដើម្បីការពារជីវៈចម្រុះ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពសម្រាប់ជា ប្រយោជន៍ដល់ធម្មជាតិ និងសហគមន៍មូលដ្ឋាន។
គួររំលឹកផងថា កាលពីឆ្នាំ២០១០ អ្នកស្រាវជ្រាវបានរកឃើញវត្តមាននៃសត្វទោចថ្ពាល់លឿងខាងជើង ដែលជាទោចប្រភេទថ្មី និងស្ថិតក្នុងប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ មានវត្តមាននៅតំបន់រើនសៃ សៀមប៉ាងនេះ។ ចាប់តាំងពីពេលនោះមក អង្គការ CI ក្រសួងបរិស្ថាន មន្ទីរពាក់ព័ន្ធ និងសហគមន៍មានគំនិតផ្តួចផ្តើមបង្កើត តំបន់ទេសចរណ៍ធម្មជាតិ សត្វទោចថ្ពាល់លឿងខាងជើង ដែលអាចឱ្យអ្នកទស្សនាអាចស្តាប់ និងមើលឃើញសត្វទោច នៅក្នុងព្រៃធម្មជាតិ។ ក្រៅពីការរៀបចំជាគម្រោងរេដបូក គម្រោងថ្មីនេះផ្តល់ការគាំពារដល់ទីជម្រក របស់សត្វដ៏សំខាន់នេះ និងបានបង្កើតប្រភពចំណូលប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍តាម រយៈ វិស័យទេសចរណ៍នេះ៕