(កំពង់ឆ្នាំង)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកអំណោយជា កង់ និងសម្ភារសិក្សាមួយចំនួន ចែកជូនដល់សិស្សសាលាបឋមសិក្សាក្រសាំងដុះឡើង នៅខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា លោក យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអ្នកតំណាងមកពីសាលាបឋមសិក្សាចំនួន២០ នៅស្រុកទឹកផុស។
ចំណុចស្នូលនៃកម្មវិធីនេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ នឹងផ្តល់កង់ចំនួន ១០០កង់ ដល់សិស្សានុសិស្ស ដែលពួកគាត់ធ្វើដំណើរ ផ្លូវឆ្ងាយមកកាន់សាលារៀន កម្មវិធីក៏បានផ្តល់កាបូបស្ពាយចំនួន ១០០កាបូប កញ្ចប់ឱសថសំខាន់ៗចំនួន២០ និងកញ្ចប់ផ្គត់ផ្គង់សុខភាពចំនួន ៤ ៨០០កញ្ចប់ រួមមាន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និងទឹកលាងដៃ ត្រូវបានចែកជូនសិស្សានុសិស្សចំនួន ៤ ៧៩៨នាក់ នៅទូទាំងសាលាបឋមសិក្សាចំនួន២០ របស់ស្រុកទឹកផុស។
បន្ថែមពីនេះទីភ្នាក់ងារកយកា-KOICA បានផ្លល់ជូនក្តារអប់រំសុវត្ថិភាពចំនួន៤២ ខិត្តប័ណ្ណចំនួន ៣ ២០០សន្លឹក និងសៀវភៅសរសេរចំនួន ២០០ក្បាល និងប៊ិចចំនួន២០០ដើម ដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងកាន់តែទាក់ទាញសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។
គំនិតផ្តួចផ្តើមនេះក៏ផ្តោតលើការអប់រំសុខភាពផងដែរ ដោយមានវេជ្ជបណ្ឌិតរបស់កយកា-KOICA និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានដឹកនាំនិងមេរៀនមេរៀនលើប្រធានបទសុខភាពសំខាន់ៗ សម្រាប់សិស្សចំនួន១០០នាក់។ មេរៀនទាំងនោះមា បច្ចេកទេសដុសធ្មេញ និងលាងដៃឱ្យបានត្រឹមត្រូវ គោលបំណងបង្កើតការអនុវត្តសុខភាព ដែលនឹងការពារជំងឺ និងលើកកម្ពស់សុខុមាលភាពក្នុងរយៈពេលយូរ។
សម្រាប់គ្រូបង្រៀនកម្មវិធីនេះរួមមានការបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះជីវិត ដូចជាការជួយសង្គ្រោះបឋម និងនៅពេលស្លាក់បំពង់ខ្យល់ដែលនឹងជួយដល់ពួកគាត់ក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះមាតាបិតាសិស្សចំនួន១០០នាក់បានចូលរួមវគ្គស្តីពីការប្រើប្រាស់ថ្នាំ ការថែទាំមុខរបួស និងការយល់ដឹងអំពីជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសួត និងជំងឺមហារីក។ វិធីសាស្រ្តរួមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ទីភ្នាក់ងារកយកា-KOICA ក្នុងការកសាង សហគមន៍ដែលមានសុខភាពល្អ និងមានភាពធន់ជាងមុន។
លោក អ៊ឹម សួរ បានឱ្យដឹងថា ក្នុងនាមសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ លោកពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយកអំណោយមកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាក្រសាំងដុះឡើង ក្នុងខេត្តកំពង់ឆ្នាំង។ គោលដៅចម្បងនៃការចែកចាយកង់ និងសម្ភារសិក្សានាពេលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មាតាបិតា ជាពិសេសជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ដូច្នេះពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានាពេលអនាគត។
លោកស្រី ឆយ មូន ជុង បានបញ្ជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ ប៉ុន្តែសិស្សានុសិស្សជាច្រើននៅតំបន់ជនបទប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ដូចជាផ្លូវឆ្ងាយ និងកង្វះមធ្យោបាយធ្វើដំណើរ។ ជាមួយនឹងការផ្តល់ជូននូវអំណោយទាំងនេះ យើងជឿថាសិស្សានុសិស្ស នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា ដែលអាចឱ្យពួកគាត់ ផ្តោតលើការសិក្សា។
លោក យ៉ង ភិរម្យ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ដែលបានលើកឡើងពីគូសបញ្ជាក់ពីផលលទ្ឋផលដ៏ល្អ អំពីពិធីចែកអំណោយ និងកម្មវិធីអប់រំសុខភាពលើសហគមន៍នៅមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់លើការទន្ទឹងរង់ចាំរបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមនាពេលខាងមុខជាបន្តទៅទៀត។
កម្មវិធីនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ ទីភ្នាក់ងារកយកា-KOICA និងដៃគូរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតរបស់យុវជនកម្ពុជា។ តាមរយៈការផ្តល់ធនធានសំខាន់ៗ ការអប់រំ និងជំនួយផ្នែកសុខភាព ស្ថាប័នទាំងនេះកំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង និងកាន់តែមានអនាគតសម្រាប់កុមារនៅកម្ពុជា៕