(ភ្នំពេញ)៖ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង ប្រចាំប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ទីតាំងនៅកោះពេជ្រ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា-ចិន និងទាក់ទាញភ្ញៀវទេសចរទៅមកទស្សនាប្រទេសទាំងពីរផងដែរ។
មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង
ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around(Global)Co.,Ltd. ។ ក្នុងពិធីបើកសម្ពោធនោះមានការចូលរួមដោយលោក នី ផល្លី រដ្ឋលេខាធិការ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក លីវ ស៊ាវហ្គ័ង (LIU XIAOGUANG) សមាគមអ្នកកាសែតកម្ពុជា-ចិន លោកស្រី ហឺ ជីង (HE JING) ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង លោក ស្សឹន ហ្គ័ងជុន (SHEN GUANGCHUN) ការិយាល័យគ្រប់គ្រងទីផ្សារ នៃមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង លោក ត្សូវ ស៊ានទុង (ZOU XIANGDONG) ប្រធាននាយកដ្ឋានទំនាក់ទងកិច្ចសហប្រតិបត្តិការខាងក្រៅ នៃមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង លោកស្រី លីវ ហ្វឹងជឺ (LIU FENGZHI) ប្រធានការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ និងទេសចរណ៍ HeiHe លោក កូវ ហុងវ៉ី (GUO HONGWEI) ប្រធានក្រុមហ៊ុន Harbin Ice and Snow World Co., Ltd. លោក ឈីវ ហានអ៉ី (CUI HANYU) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around (Global) Co.,Ltd។
មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង គឺជាទីភ្នាក់ងារមួយដែលមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយម៉ាកសញ្ញាទេសចរណ៍ខេត្តហីឡុងជាំង លើកកម្ពស់មុខមាត់ទេសចរណ៍ និងពង្រីកភាពល្បីល្បាញនិងកេរ្តិ៍ឈ្មោះរបស់ខេត្តហីឡុងជាំង ទាំងនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍។
បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលនេះ នឹងមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្សព្វផ្សាយធនធានទេសចរណ៍ហីឡុងជាំងជាបន្តបន្ទាប់ នាពេលអនាគត នៅក្នុងប្រទេសកម្ពុជា ដោយខិតខំប្រឹងប្រែងផ្សព្វផ្សាយយ៉ាងពេញទំហឹងលើធនធានទេសចរណ៍នៃខេត្តហីឡុងជាំង និងបង្ហាញណែនាំយ៉ាងសកម្មនូវផលិតផលទេសចរណ៍ដ៏ល្អរបស់ខេត្តហីឡុងជាំង។
លោកស្រីប្រធានមន្ទីរ ហឺ ជីង (HE JING) បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង គឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋបាលខេត្តហីឡុងជាំង លើកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសកម្ពុជា។
ក្រោយការថ្លែងរបស់លោកស្រី ហឺ ជីង ភាគីកម្ពុជា-ចិនបានរួមគ្នាបើកសម្ពោធមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) នៃខេត្តហីឡុងជាំង។ នាពេលវេលាជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានឃើញសមិទ្ធផលថ្មីក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តហីឡុងជាំង និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Tour Around (Global)Co.,Ltdបានបោះជំហានដ៏រឹងមាំបន្ថែមទៀតក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍រវាងតំបន់ទាំងពីរ៕