(សៀមរាប)៖ បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួននៅខេត្តសៀមរាបរួចហើយ សិក្ខាកាមសរុប៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយរំពឹងថានឹងយកចំណេះដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
ថ្លែងនាឱកាសបិទវគ្គបណ្ដុះបណ្ដាលនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានកោតសរសើរដល់វាគ្មិន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលប្រឹងប្រែងចែករំលែក និងសិក្សារហូតទទួលបានជោគជ័យ។ បន្ថែមពីនេះ លោកអគ្គនាយករងក៏បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់សិក្ខាកាម ក្នុងការយកចំណេះដឹងដែលរៀនបាន សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការកែច្នៃសម្ភារផ្សេងៗចេញពីបេតិកភណ្ឌវប្បធម៌ផងដែរ។
ទោះបីមានរយៈពេល៤ថ្ងៃ លោក ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ថាជាការចាប់ផ្តើមដាំដើមឈើ ហើយមិនយូរមិនឆាប់ ដើមឈើទាំងនោះនឹងចាក់ឫសបែកមែក និងមានផ្លែផ្កាជាមិនខាន។
លោកស្រី Jin Nara តំណាងគ្រូបង្គោលទាំង៤រូប នៃស្ថាប័នទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលវគ្គបណ្ដុះបណ្ដាលខាងលើទទួលបានជោគជ័យ។ បន្ថែមពីនេះ លោកស្រីក៏សប្បាយចិត្តផងដែរ ដែលបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនៃរមណីយដ្ឋានអង្គរ បានឃើញភូមិបុរាណ និងទំនៀមទម្លាប់ការរស់នៅរបស់អ្នកភូមិនៅតំបន់រមណីយដ្ឋានអង្គរ។
ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោកស្រី Jin Nara ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលរៀនបាន ទៅបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែម តាមរយៈការបង្កើតវត្ថុអនុស្សាវរីយ៍ប្លែកៗ តូចៗ ទាក់ទាញការទិញពីភ្ញៀវទេសចរ។ បន្ថែមពីនេះ ត្រូវរកគំនិតដើម្បីបង្កើនគុណភាព និងការតុបតែងសិប្បកម្មនៅក្នុងសហគមន៍ជុំវិញ ដើម្បីឱ្យផលិតផលពួកគេកាន់តែមានតម្លៃបន្ថែម៕