(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្តៅដែលថ្នាក់ដឹកនាំអាស៊ាន លើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូចនេះនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា «ឆ្នាំនេះក៏ដូចឆ្នាំទៅមិញដែរ មីម៉ាន់ម៉ាគឺជាបញ្ហាដែលថ្នាក់ដឹកនាំអាស៊ានលើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត ជារួមអាស៊ាននៅតែបន្តខិតខំជួយមីម៉ាន់ម៉ា ឱ្យប្រទេសមួយនេះឆាប់បានវិលទៅរកប្រក្រតីភាព ស្ថេរភាព និងមានសន្តិភាពវិញ»។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា តាំងពីឆ្នាំ២០២១មក មីយ៉ាន់ម៉ាជាបញ្ហាដែលកិច្ចប្រជុំកំពូលអាស៊ានលើកយកមកពីភាក្សាយ៉ាងផុសផុលជារៀងរាល់ឆ្នាំ មីយ៉ាន់ម៉ា ជាសមាជិករបស់អាស៊ាន ដូចនេះការឈឺឆ្អាលពីស្ថានភាពរបស់អាស៊ាន ការឈឺឆ្អាលពីស្ថានភាពធ្លាក់ដុនដាប រ៉ាំរ៉ៃនៃប្រទេសមួយជាប្រទេសសមាជិក គឺជាកាតព្វកិច្ចរបស់អាស៊ាន, ជាមួយនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងក្នុងសុន្ទរកថា នៅវៀងចន្ទន៍ដែលថា អាស៊ានត្រូវតែជួយដល់មីយ៉ាន់ម៉ា ដែលជាសមាជិករបស់ខ្លួនឱ្យវិលត្រឡប់យ៉ាងឆាប់រហ័សទៅរកភាពប្រក្រតីឡើងវិញ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា អ្វីដែលកំពុងបន្តនៅមីយ៉ាន់ម៉ា មានលក្ខណៈជាសង្គ្រាមជាស្រេចទៅហើយ សង្គ្រាមអ្នកណាក៏ដឹងដែរថា គេផ្តើមវានៅពេលដែលគេចង់ប៉ុន្តែគេបញ្ចប់វា នៅពេលណាដែលគេអាច មានន័យថាពិបាកក្នុងការដោះស្រាយជាទីបំផុត ដូចនេះដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា អាស៊ានចាំបាច់ត្រូវតែស្គាល់គោលការណ៍ និងដែនកំណត់នៃទង្វើសកម្មភាពរបស់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដែរថា ជាមួយនឹងមេដឹកនាំកំពូលៗនៃប្រទេសសមាជិកអាស៊ាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកឡើងវិញពីគោលគ្រឹះនៃដំណោះស្រាយបញ្ហា ដែលត្រូវតែជាកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តដោយកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនោះរួមមាន ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់, ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥៖ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕