(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងថា ជំនួបទទួលទានអាហារពេលព្រឹករួមគ្នារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ជាព្រឹត្តិការណ៍ធម្មតាដូចសព្វដង។
បន្ថែមពីនោះទៀត លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម ហើយភាគីទាំងពីរ (ឡាវ-វៀតណាម) សុទ្ធតែយល់អំពីការដកខ្លួនរបស់កម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ជុំវិញលទ្ធផល ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា នេះជាប្រពៃណីមួយ បានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងការ ទទួលទានអាហារពេលព្រឹក ត្រីភាគី បើរាប់មកដល់ឥលូវនេះ មានចំនួន៣ដងមកហើយ គ្មានអ្វីថ្មីទេ គឺជាព្រឹត្ដិការណ៍ធម្មតា ដែលយើងរាជរដ្ឋាភិបាលកម្ពុជា មិនលាក់លៀម និងមិនដែលលាក់លៀម»។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្ថែមថា CLV-DTA បានបញ្ចប់ជាស្ថាពរ តាំងពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត សម្រេចចិត្ដដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
ក្នុងជំនួបទទួលទាន អាហារពេលព្រឹករួមគ្នារវាង នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម, លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា ទាំងភាគីវៀតណាម ទាំងភាគីឡាវ សុទ្ធតែយល់ពីមូលហេតុ ដែលបានជំរុញឲ្យកម្ពុជាដកខ្លួន ចេញពី CLV-DTA។
សូមជម្រាបថា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ទ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានជួបពិសាអាហារ និងពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងចំណង មេត្រីភាព និងកិច្ចសហប្រតិបត្តិការលើកិច្ចការនានា។
នេះមិនមែនជារឿងថ្មីទេ ជាទម្លាប់រាល់ពេលជួបគ្នានាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា គឺតែងតែជួបពិសាអាហារ និងពិភាក្សាការងារ។ ជំនួបជាប្រពៃណីនេះ បានធ្វើឡើងតាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ៕