(ភ្នំពេញ)៖ ការផ្ដល់ឈាម គឺជាការផ្ដល់ជីវិត! នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្ដសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ធ្វើជាអ្នកបរិច្ចាគឈាមសង្រ្គោះជីវិត និងសង្រ្គោះបឋម»។
ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និស្សិតសាកលវិទ្យាល័យ សរុបប្រមាណ ២៣០នាក់ និងទទួលបានឈាមពីអ្នកស្ម័គ្រចិត្តសរុបចំនួន ១២៨ប្លោក។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា រាល់ការបរិច្ចាគឈាម គឺជាអំណោយដ៏មានអានុភាពមិនអាចកាត់ថ្លៃបាន ជាខ្សែជីវិតដែលនាំមកនូវក្តីសង្ឃឹម និងការព្យាបាលអ្នករងគ្រោះដែលត្រូវការឲ្យជួយ។ អ្នកបរិច្ចាគឈាមគឺជាវីរបុរស នារីពិតៗ ដែលបង្ហាញពតម្លៃនៃ ក្តីមេត្តា សប្បុរសធម៌ និងស្មារតីជួយមនុស្សជាតិ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានរៀបចំនូវយុទ្ធនាការនេះឡើង និងក្រោមប្រធានបទដ៏មានអត្ថន័យ ជាពិសេសថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។
លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា ការរៀបចំពិធីបរិច្ចាគឈាមនេះ គឺបានចូលរួមចំណែកបង្កើតទៅជាទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការ។ ជាពិសេសគឺ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមផ្ដល់ឈាម ទាំងអ្នកធ្លាប់ផ្ដល់ឈាមកន្លងមក និងអ្នកទើបតែផ្ដល់ឈាមជាលើកទី១ នៅថ្ងៃនេះ គឺបានសម្ដែងអារម្មណ៍សប្បាយរីករាយក្នុងចិត្ដដូចគ្នា ដែលបានចូលរួមចំណែកជួយជីវិតមនុស្សតែម្ដង តាមរយៈផ្ដល់ឈាមនេះ។
គិតត្រឹមឆ្នាំ២០២៤ នេះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំប្រកបដោយភាពរឹងមាំ ឈ្លាសវៃ របស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេសមានចំនួនសរុប ៣២,១៣៤នាក់ មានទីប្រឹក្សាយុវជន ១,០៤៩នាក់ នៅតាមគ្រឹះស្ថានសិក្សាគោលដៅចំនួន ៦២៨, ក្នុងនោះយុវជន នៅកម្រិតឧត្តមសិក្សាមានចំនួន ៤,៧៤២នាក់ (ស្រី ៣,៦០១នាក់) ទីប្រឹក្សា ១១២នាក់ តាមគ្រឹះស្ថានរដ្ឋ/ឯកជន ចំនួន២៥។
កន្លងមកក៏ដូចជាបច្ចុប្បន្ន គឺយុវជនកាកបាទក្រហមកម្ពុជា គឺជាកម្លាំងស្នូលដែលមិនអាចខ្វះបាននោះឡើយក្នុងការងារមនុស្សធម៌ គ្រប់សកម្មភាពការងារនៅក្នុងសង្គម និងប្រទេសជាតិ៕