(ភ្នំពេញ)៖ មជ្ឈមណ្ឌលទិន្នន័យអ្នកបរិច្ចាគកោសិកាដើមចិន ជាកម្មវិធីអ្នកបរិច្ចាគខួរឆ្អឹងប្រទេសចិន (China Marrow Donor Program «CMDP») ដែលជាអង្គការសុខុមាលភាពសាធារណៈ ឋិតនៅក្រោមការដឹកនាំរបស់កាកបាទក្រហមចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារជាមួយកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្នាក់កាកបាទក្រហមកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់ភាគីចិនខាងលើនេះ មានរយៈពេល៣ពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២៤។ ដោយថ្ងៃដំបូងគឺបានទស្សនកិច្ចនៅកាកបាទក្រហមកម្ពុជា និងបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
បន្ទាប់មកប្រតិភូចិនដែលដឹកនាំ លោកវេជ្ជ. HUANG Xianggang អនុប្រធានកម្មវិធី CMDP បានអញ្ជើញពិភ្សាការងារជាមួយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី។ ក្នុងជំនួបនោះផងដែរ លោកស្រីបានជម្រាបជូននូវទិសដៅ និងយុទ្ធសាស្ដ្រការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ជាមួយគ្នានោះ លោកស្រីក៏គូសបញ្ជាក់ពីសកម្មភាពក្នុងការចូលរួមបរិច្ចាគឈាមរបស់មន្ដ្រី សហការី យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ដ ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលតែងតែធ្វើឡើងជាញឹកញាប់ក្នុងមួយឆ្នាំៗ និងជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនោះគណៈប្រតិភូចិន បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនរបស់ប្រតិភូចិននាពេលនេះ ជាពិសេសការចែករំលែកនូវបទពិសោធន៍នៃការបរិច្ចាគឈាមនៅពេលនេះ ។ខណៈដែលកន្លងមក កាកបាទក្រហមកម្ពុជាបានដើរតួនាទីដ៏សំខាន់ ក្នុងការអប់រំ ថែរក្សា និងលើកទឹកចិត្ដដល់អ្នកបរិច្ចាគឈាម ហើយជាក់ស្ដែងនៅថ្ងៃនេះ គឺឃើញថាកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការងារផ្ដល់ឈាមជួយសង្គ្រោះជីវិតមនុស្ស។
ជាការឆ្លើយតប លោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមចិន ដែលកន្លងមក តែងតែបរិច្ចាគធនធាន ដល់កាកបាទក្រហមកម្ពុជាចាប់ពីឆ្នាំ២០០១-២០០២មកម្លេះ ដែលឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមករវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមចិន ។ជាពិសេសនៅកំលុងការរាតត្បាតជំងឺកូវីដ១៩កន្លងទៅ កាកបាទក្រហមចិន បានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសមកកាកបាទក្រហមកម្ពុជាផងដែរ។ ហើយថ្មីៗនេះកាកបាទក្រហមចិន ក៏បានផ្ដល់ថវិកាមួយចំនួនសម្រាប់ឱ្យកាកបាទក្រហមកម្ពុជា កាន់តែមានលទ្ធភាព អនុវត្ដគម្រោងការកសាងភាពធន់នៅតាមសហគមន៍នៅតាមបណ្ដាខេត្ដមួយចំនួន រួមមានខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង និងឈានទៅដល់ខេត្ដតាកែវបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥។
សូមជម្រាបថា នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរក៏បានលើកឡើងពីគម្រោងនៃការបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងផងដែរ៕