(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តតំណាងឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា ព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវាជូនប្រជានេសាទ ដែលបានមកទទួលសេវាក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
លោកស្រី អ៉ី នារីនេត អភិបាលរងខេត្ត បានថ្លែងថា អាជ្ញាធរខេត្តសូមថ្លែងអំណរគុណចំពោះអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងអាជ្ញាធរឃុំ ស្រុក ដែលបានរួមសហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជា នេសាទនៅមូលដ្ឋាន នេះជាការបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទ ឱ្យពួកគាត់ ចំណេញពេលវេលា និងថវិកា នឹងបានកាត់បន្ថយការលំបាករបស់ពួកគាត់ជាច្រើនស្ថិតក្នុងស្រុកស្រែអំបិលនេះ។
លោកស្រីបានបន្តថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះក្រុមការងារបានកំណត់ទីតាំងសម្រាប់ផ្តល់សេវាជូនដល់ ប្រជានេសាទចំនួន ២កន្លែង គឺ នៅក្នុងឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ហើយចំពោះក្រុង ស្រុកដទៃទៀតក៏យើងបានកំណត់ទីតាំងចំនួន២ ទៅ ៣កន្លែង ក្នុង០១ក្រុង ស្រុក សម្រាប់បង្កលក្ខណៈងាយស្រួលជូនប្រជានេសាទទៅទទួលសេវាផងដែរ។ ហើយបើគិតមកដល់ពេលនេះ ក្រុមការងារបានបញ្ចប់ការចុះផ្តល់សេវានៅតាមក្រុង ស្រុក រួចហើយដែរ ដូច្នេះសូម អ៊ុំ ពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់បានធ្វើ ឬស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីផ្តល់សេវានៅតាម ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក អង្គភាពច្រកចេញចូលតែមួយខេត្ត និងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តាមពេលវេលាកំណត់នៅរៀងរាល់ថ្ងៃធ្វើការ។
លោកស្រីបន្ថែមថា ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្តមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទមានភាពស្របច្បាប់ងាយស្រួលប្រកបអាជីវកម្ម ជាមួយគ្នានេះ លោកស្រីសូមស្នើដល់បងប្អូនប្រជានេសាទ ទាំងអស់នូវចំណុចមួយចំនួនដូចខាងក្រោម៖-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលអាចបំផ្លាញដល់ធនធាន ជលផល និងធនធានធម្មជាតិដទៃទៀត។
ប្រជានេសាទកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង...ជាដើម។ សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព។
សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។កន្លងមកលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោកស្រីជាអភិបាលរងខេត្តតំណាងឱ្យលោកស្រីអភិបាលខេត្ត បានរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅទួលពិនិត្យលក្ខណ:បច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទនៅក្នុងក្រុងខេមរភូមិន្ទ បានចំនួន ៦០ប័ណ្ណ និងក្នុងឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានចំនួន ១៣៧ប័ណ្ណ នៅឃុំថ្មស ស្រុកបូទុមសាគរ បានចំនួន ១៨៤ប័ណ្ណ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង បានចំនួន ៩៨ប័ណ្ណ និងនៅឃុំកោះស្តេច ស្រុកគីរីសាគរ បានប្រគល់ជូន ចំនួន ២៨៩ប័ណ្ណ ដើម្បីអោយ បងប្អូន អ៊ុំ ពូ មីង ប្រជានេសាទ មានប័ណ្ណ ស្របច្បាប់ត្រឹមត្រូវក្នុងការប្រកបមុខរបរនេសាទរបស់ខ្លួន។
ជាក់ស្តែងថ្ងៃនេះ ដោយមានចិត្តចង់ជួប អ៊ុំ ពូ មីង បងប្អូនផង នាមលោកស្រីតំណាងឱ្យ លោកស្រីអភិបាលខេត្ត មកចែកប័ណ្ណជូន ចំនួន ១១០ប័ណ្ណ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលជាស្រុកចុងក្រោយនៃយុទ្ធនាការ ចុះផ្តល់សេវាប័ណ្ណសម្គាល់នាវា និងការផ្តល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាផងដែរ៕