(កំពង់ចាម)៖ នៅសល់តែរយៈពេល៦ ថ្ងៃទៀតប៉ុណ្ណោះ ខេត្តកំពង់ចាម និងប្រារព្ធពិធីប្រណាំងទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ អ៊ុចកាំជ្រួច បណ្ដែតប្រទីប ពោលគឺ នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៤ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ។

ដោយសារតែពេលវេលាកាន់តែខិតចូលមកដល់នេះ ក្រុមកីឡាករទូក «ង» បានខិតខំហ្វឹកហាត់ សម ដើម្បីឈានទៅដណ្ដើមជ័យលាភីរៀងៗខ្លួន ។ ជាក់ស្ដែងជាក់ស្ដែងនៅរសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៤ នេះ ក្រុមកីឡាករទូក «ង» ឈ្មោះ បាធាយតេជោសែនជ័យ ចំណុះ ៧៥នាក់ បាននាំគ្នាធ្វើសកម្មភាពហាត់សម ស្ថិតនៅភូមិទួលចាន់ ឃុំច្បាអំពៅ ស្រុកបាធាយ ដោយមានការអញ្ជើញចុះពិនិត្យសកម្មភាពនោះ ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផងដែរ។

គួររំលឹកផងដែរថា ពិធីប្រណាំងទូក អុជកាំជ្រួច បណ្ដែតប្រទីប ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សានេះ រដ្ឋបាលខេត្តកំពង់ចាម បានបែងចែកក្រុមការងារជំនាញរៀងៗខ្លួន ដើម្បីរៀបចំសម្អាតសោភ័ណភាពក្រុង អនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព ពោលគឺធ្វើយ៉ាងណា ឲ្យពិធីនោះប្រព្រឹត្តិទៅដោយរលូន ដើម្បីបង្ករបរិយាកាសរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ៕