(សៀមរាប)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន៣៩៧រូបទៀត ក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៣។ ជំនួបនេះធ្វើឡើងនៅខេត្តសៀមរាប ។
ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយពីទទួលបានការចាត់តាំង និងទទួលបានសិទ្ធិប្រទាន ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗ លើការផ្ដល់សេវ៉ាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។
លោក គី តិច បានគូសបញ្ជាក់ថា មេធាវីរាជរដ្ឋាភិបាលបានជួបជាមួយពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន១២លើករួចមកហើយ នៅរាជធានីភ្នំពេញ ដែលមានពលរដ្ឋចំនួន៤១១១រូប ស្ម័គ្រចិត្តប្រគល់សិទ្ធិ និងបង្ហាញបញ្ជាក់ភស្តុតាងពាក់ព័ន្ធ។
លើកនេះ ក្នុងគោលបំណងសម្រួលដល់ការចំណាយលើការធ្វើដំណើរ និងពាក់ព័ន្ធពេលវេលាការងាររបស់ពលរដ្ឋរងគ្រោះ ជំនួបលើកទី១៣នេះ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ ចាត់តាំងលោកទេសរដ្ឋមន្ត្រី គី តិច ឲ្យដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមការងារជំនួយ ចុះធ្វើកិច្ចការផ្ទាល់ជូនពលរដ្ឋ នៅចំណុចកណ្តាលទីរួមខេត្តខេត្តសៀមរាប ដែលប្រជាពលរដ្ឋអាចអញ្ជើញមកពីខេត្តកំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, មណ្ឌលគីរី, រតនៈគីរី និងខេត្តជុំវិញតែម្ដង។ ជំនួបលើកទី១៣ និងលើកទី១៤ នឹងរៀបចំនៅថ្ងៃទី ១១ដល់១៣ ខែតុលា ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាប។ នេះ «អាចជាការបញ្ចប់ជំនួបរវាងមេធាវីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះនៅក្នុងប្រទេស»។
ដោយឡែក សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ លោកទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះ ដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល ។
លោកទេសរដ្ឋមន្ត្រី គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ សូម្បីតែក្នុងពេលដឹងថា លោកកំពុងធ្វើដំណើរមកជួបពលរដ្ឋរងគ្រោះនៅខេត្តសៀមរាបនេះ ក៏សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសាកសួរ និងបានណែនាំការងារ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងរងគ្រោះនេះដែរ។
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិពីប្រជាពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងគោលការណ៍នីតិវិធីជាធរមាន។ ក្រោយបានទទួលការប្រគល់សិទ្ធិស្របតាមច្បាប់ ទើបមេធាវីរាជរដ្ឋាភិបាល មានសិទ្ធិក្នុងកំណត់ច្បាប់ អាចទទួលជួយការពារក្តី និងអាចដំណើរការនីតិវិធីក្តី នៅតុលាការបាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ពុំមានតម្រូវឲ្យមានការបង់ប្រាក់សម្រាប់ជាសេវាមេធាវី ឬរាល់ការចំណាយណាមួយរបស់មេធាវីរាជរដ្ឋាភិបាល ដែលបានចាត់តាំងពីសម្តេចធិបតី នាយករដ្ឋមន្ត្រីនេះឡើយ ពោលគឺសម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល ជួយចេញលើបេសកកម្មការងាររបស់មេធាវីរាជរដ្ឋាភិបាលជំនួសពលរដ្ឋរងគ្រោះ៕