(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១២ ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុម័តសេចក្តីថ្លែងការណ៍ ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាពប្រកបដោយសន្តិសុខ និងទំនុកចិត្ត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។
ប្រមុខដឹកនាំ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ ប្រមុខដឹកនាំ មានសេចក្តីសោមនស្សចំពោះវឌ្ឍនភាពដ៏ធំដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពបច្ចុប្បន្ន និងឧបសម្ព័ន្ធផែនការនេះ ហើយទន្ទឹងរង់ចាំការតាក់តែងផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិកថ្មី (២០២៦- ២០៣០) ដែលនឹងនាំផ្លូវឱ្យភាគីទាំងពីរឆ្ពោះទៅសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា «កិច្ចប្រជុំកំពូលក៏បានអនុម័តសេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាពប្រកបដោយសន្តិសុខ និងទំនុកចិត្ត ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការសម្រេចឱ្យបាននូវសក្តានុពលដ៏សំខាន់នៃបញ្ញាសិប្បនិម្មិត ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង»។
ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) សម្តេចធិបតី បានថ្លែងសេចក្តីថ្លែងការណ៍រួមអាស៊ាន តំណាងឱ្យអាស៊ាន អមដោយសេចក្តីថ្លែងការណ៍ជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងការវិនិយោគ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង។ ក្នុងន័យនេះ អាស៊ាន និងសហរដ្ឋអាមេរិក គួរពង្រឹងទំនាក់ទំនងទាំងនេះ ដោយធ្វើការអនុវត្តកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-សហរដ្ឋអាមេរិក (TIFA) ២០២៤-២០២៥ និង ផែនការការងារពង្រីកទំនាក់ទំនងសេដ្ឋកិច្ច (Expanded Economic Engagement Work Plan)។
សម្តេចធិបតី ក៏បានស្វាគមន៍ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំពីសំណាក់សហរដ្ឋអាមេរិក តាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និង ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥។ សម្តេចធិបតី បានជំរុញឱ្យសហរដ្ឋអាមេរិកផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលនឹងត្រូវអនុម័តនៅឆ្នាំក្រោយ។ សម្តេចធិបតី ក៏បានឆ្លៀតឱកាសថ្លែងកោតសរសើរការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍធនធានមនុស្សអាស៊ាន និងការជួយជ្រោមជ្រែងអាជីវកម្មខ្នាតតូចៗរបស់អាស៊ាន ឱ្យកាន់តែមានផលិតភាព ភាពធន់ និងភាពប្រកួតប្រជែងបន្ថែមទៀត។
សម្តេចធិបតី បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស សមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ភាពជាដៃគូ និង ជំរុញផលប្រយោជន៍ទៅវិញទៅមក ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក៕