(ពោធិ៍សាត់)៖ អំពូលសូឡាបំភ្លឺផ្លូវ ចំនួន៤០ឈុត ជាអំណោយដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន IDOL Drink តាមរយៈកម្មវិធីទទួលសំណាងគាស់ឈ្នះរង្វាន់ពី IDOL SUPER DAY រដូវកាលទី៤ នៅមជ្ឈមណ្ឌលសិរីមង្គលពោធិ៍សាត់ ត្រូវបានក្រុមការងារក្រុមហ៊ុន នាំយកទៅតម្លើងជូនតាមដងផ្លូវកៅស៊ូ ឆ្ពោះតំបន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានប្រើប្រាស់ជាប្រយោជន៍ ដល់ទេសចរគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសតម្លើងសូឡានេះដែរ បានការអញ្ជើញចូលរួម ពីកំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស គឺលោក សួ វិចិត្រ ម្ចាស់ពាន Beat The Best ដែលលោកគឺជាអ្នកខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។
លោក ណន ណេន ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ក្រុមហ៊ុន IDOL Drink ដែលបានបង្កើតឱ្យមានកម្មវិធី IDOL SUPER DAY រដូវកាលទី៤នេះឡើង ហើយធ្វើឱ្យគាត់ និងអតិថិជនផ្សេងទៀត មានឱកាសគាស់យករង្វាន់ ទទួលបានថវិកា និងបរិច្ចាគមួយផ្នែកខ្លះ ចូលរួមចំណែកកែលម្អសោភ័ណភាព តំបន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង តាមរយៈការដាក់អំពូលសូឡាបំភ្លឺផ្លូវ ចំនួន៤០ឈុត ដើម្បីបំភ្លឺផ្លូវចាប់ពីក្លោងទ្វាចូល ឆ្ពោះតំបន់រមណីយដ្ឋាន។ លោកសំណូមពរដល់ក្រុមហ៊ុន ជួយឧបត្ថម្ភនូវសូឡាបំភ្លឺផ្លូវបន្ថែមទៀត រហូតដល់ទីប្រជុំជនឃុំឈើតុំ ស្រុកក្រគរ ដែលមានប្រវែងជាង១០គីឡូម៉ែត្រ។ លោកសូមជូនពរដល់ក្រុមហ៊ុន និងសហការីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីទទួលទានមានបាន ជ័យជំនះគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោកប្រធានសហគមន៍បានឱ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវទេសចរចូលមកកម្សាន្តនៅរមណីយដ្ឋាននេះ ថ្ងៃធម្មតាយ៉ាងហោចណាស់១០០នាក់ និងចំថ្ងៃសៅរ៍ អាទិត្យ ចាប់ពី៥០០-១០០០នាក់។ ទោះបីយ៉ាងណាលោកថា ចំរដូវភ្លៀងធ្លាក់ខ្លាំងនាពេលនេះ ភ្ញៀវមិនសូវសម្បូរដូចមុនទេ។ នៅតំបន់ទឹកច្រកល្អៀងនេះ ក្រៅពីមានសក្តានុពលទឹកធ្លាក់ ហើយនៅមានដើមឈើជាច្រើនត្រូវរក្សាការពារយ៉ាងល្អ ក្រៅពីនេះក៏មានសត្វជាច្រើនទៀត ក៏រក្សាការពារបានផងដែរ។
ទាក់ទិនទៅនឹងជីវភាពប្រជាសហគមន៍វិញ ប្រជាពលរដ្ឋដែលធ្លាប់តែពឹងអាស្រ័យធនធានធម្មជាតិពេលនេះ ស្ទើរលុបបំបាត់ទាំងស្រុង ដោយសារពូកគាត់យល់ដឹងពីតម្លៃពីព្រៃឈើ និងសត្វព្រៃ ដោយពួកគាត់ងាកមកបម្រើលើវិស័យទេសចរណ៍ក្នុងនេះ ដូចជាបម្រើសេវាទេសចរណ៍ ផ្នែកដឹកជញ្ជូន លក់ដូរម្ហូបអាហារ ជាដើម។
គួរជម្រាបជូនថា ក្នុងព្រឹតិ្តការណ៍ដ៏សែនអស្ចារ្យ IDOL SUPER DAY រដូវកាលទី៤ ដែលរៀបចំឡើង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសិរីមង្គលពោធិ៍សាត់ មានប្រជាពលរដ្ឋចូលរួមគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីមកទទួលសំណាង គាស់ក្រវិលឈ្នះរង្វាន់ ពីIDOL Drink។ នាឱកាសនោះ ក៏មានអតិថិជនកំពូលសំណាងរបស់ IDOL Drink បានឈ្នះរង្វាន់គិតចាប់ពី ៧,៧៧៧ដុល្លារ, ៧៧៧ដុល្លារ និង៧៧ដុល្លារ ជាច្រើននាក់ ដែលក្នុងនោះក៏មានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង បូករួមទាំងអតិថិជនមហាសំណាងផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ ពួកគាត់ក៏បានរួមគំនិតបរិច្ចាគថវិកាមួយចំណែក ដែលទទួលបានពីការគាស់ឈ្នះរង្វាន់ សរុបចំនួន៣ពាន់ដុល្លារ ដើម្បីចូលរួមជាមួយសង្គម ក្នុងកម្មវិធី IDOL CRS Solar នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ។
សម្រាប់អតិថិជនមហាសំណាងរបស់ IDOL Drink បានបញ្ជាក់ថា ពួកគាត់ពិតជារំភើបចិត្តណាស់ ដែលបានចូលរួមព្រឹតិ្តការណ៍របស់ IDOL Drink ដែលបានបង្កើតសំណាងដល់ពួកគាត់ ហើយរង្វាន់ដែលទទួលបាននេះ នឹងប្រគល់ទៅអ្នកមានគុណ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងមួយផ្នែកបរិច្ចាគចូលរួមជាមួយសង្គម ក្នុងការដាក់ Solar បំភ្លឺផ្លូវ នៅរមណីយដ្ឋាន ល្អដាច់គេ ក្នុងខេត្តពោធិ៍សាត់ គឺ «រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង»។ ពិតណាស់ IDOL Drink មានរស់ជាតិផ្អែមឆ្ងាញ់ មិនខាស់ក ហើយថែមទាំងមានរង្វាន់ច្រើនទៀតផងដែរ។ ត្រឹមតែពាក់កណ្ដាលកម្មវិធីសោះ មានអ្នកឈ្នះរង្វាន់ខ្ទង់រាប់ពាន់អ្នកទៅហើយ សំខាន់នៅតែមានអ្នកតម្រង់ជួរខ្ទង់ពាន់អ្នកបន្ថែមទៀត ដើម្បីទទួលសំណាងពី IDOL Drink ដែលគិតជាទឹកប្រាក់សុទ្ធសរុប រហូតដល់ ៧៧,៧៧៧ដុល្លារ៕