(ប៉េកាំង)៖ “ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកជាដើម ដែលសំដៅចំពោះប្រទេសចិន ល្មើសនឹងច្បាប់អន្តរជាតិ ហើយបានជះឥទ្ធិពលអវិជ្ជមាន ចំពោះសិទិ្ធមនុស្សរបស់ ប្រជាជនចិន ព្រមទាំងបាននាំមក នូវផលវិបាកបន្ថែមទៀត ស្វាគមន៍ប្រទេសចិនឆ្លើយតប តាមរយៈមធ្យោបាយដ៏ចាំបាច់ខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ជាដើម។ ” គិតរហូតដល់ថ្ងៃទី ៩ ខែតុលា កិច្ចប្រជុំលើកទី៥៧នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានដំណើរការ អស់រយៈពេលមួយខែហើយ នេះជាការរៀបរាប់របស់លោកស្រី Alena Douhan អ្នករាយការណ៍ពិសេសរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
កាលពីទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុន អាមេរិកបានលើកឡើងពាក្យស្លោកស្តីពី “ការទូតសិទ្ធិមនុស្ស” ក្នុងគោលបំណងទប់ស្កាត់ សហភាពសូវៀត។ ប្រការនេះមិនត្រឹមតែបានបំផ្លាញដល់ ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក នូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ដែលរងការរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។
ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដដៃទៀត ជាបឋម អាមេរិកបានប្រឌិត នូវ “បទល្មើសសិទ្ធិមនុស្ស” ។ សូមយកប្រទេសវ៉េណេស៊ុយអេឡាជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទៅលើ សេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាឥតឈប់ឈរ ដោយយក “បញ្ហាសិទ្ធិមនុស្ស” ធ្វើជាលេស ដែលបណ្តាលឱ្យប្រទេសនេះ កើតមានវិបតិ្តផ្នែកសេដ្ឋកិច្ច មនុស្សធម៌និងការអភិវឌ្ឍ។ ព្រមពេលជាមួយគ្នានេះ អាមេរិកក៏បានប្រឌិត «របាយការណ៍ ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃ» ដើម្បីមួលបង្កាច់និងគាបសង្កត់លើប្រទេសដទៃទៀត ។ សូមយកបញ្ហាពិភាក្សាអំពីតំបន់ស៊ីនជាំង ជាឧទាហរណ៍ អាមេរិកបានប្រឌិតពាក្យភូតកុហក ក្នុងរបាយការណ៍ជាច្រើនលើក ព្រមទាំងអនុវត្តការដាក់ទណ្ឌកម្មជាច្រើន ផ្នែកទៅលើប្រទេសចិន ដោយយកពាក្យកុហកទាំងនេះធ្វើជាលេស ក្នុងគោលបំណងលាបពណ៌រូបភាពលើ ឆាកអន្តរជាតិរបស់ប្រទេសចិន និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិន។
ក្រៅពីរដ្ឋាភិបាលនិងប្រព័ន្ធសារព័ត៌មាន ក្នុង “សង្គ្រាមសិទ្ធិមនុស្ស” ជាមួយក្រៅប្រទេស អាមេរិកក៏មានតួអង្គដ៏សំខាន់មួយទៀត ពោលគឺអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ។ ឆ្លងតាមរយៈការបូកសរុបនិងវិភាគអាចរកឃើញថា NGO ដែលទទួលបាន ថវិកាពីសេតវិមាន និងរដ្ឋសភាអាមេរិក បាន “បង្កហេតុ”នៅតំបន់នានាទូទាំងពិភពលោក តាមរយៈវិធីសាស្ត្រ ដ៏សំខាន់ ចំនួន៣យ៉ាង ទីមួយផ្តល់ជំនួយក្នុងការបណ្តុះបណ្តាល និងញុះញង់ដោយផ្ទាល់ឱ្យមានការតវ៉ា និងចលនារបស់បក្សពួកប្រឆាំង ។ទីពីរ ឆ្លងតាមរយៈអ្វីដែលហៅថា បច្ចេកវិទ្យា OSINT ធ្វើការឃ្លាំមើលពីចម្ងាយចំពោះប្រទេសជាគោលដៅ តាមរយៈរូបភាពផ្កាយរណប និងទិន្នន័យនៃបណ្តាញទំនាក់ទំនងសង្គមជាដើម ដើម្បីប្រឌិតរបាយការណ៍ក្លែងក្លាយ។ ទីបីបញ្ចេញសំឡេង និងធ្វើការឃោសនាលើផ្ទៃអន្តរជាតិ ដើម្បីគាបសង្កត់ទៅលើ ប្រទេសជាគោលដៅ។
អាមេរិកក៏បានលូក “ដៃខ្មៅសិទ្ធិមនុស្ស” ចូលក្នុងយន្តការពហុភាគី។ ក្នុងរយៈពេលជាយូរមកហើយ មួយផ្នែក អាមេរិកបានជំរុញ ការអនុវត្តសេចក្តីសម្រេចចិត្ត អំពីប្រទេសដទៃទៀត គ្រប់បែបយ៉ាងជាញឹកញាប់ ដោយយកបញ្ហាសិទ្ធិធ្វើជាលេស ដើម្បីលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងដាក់កម្លាំងសម្ពាធ មួយផ្នែកទៀត ក៏បានរារាំងដំណោះស្រាយបញ្ហាមនុស្សធម៌ ជាបន្ទាន់ទៅវិញ ។ ឧទាហរណ៍ ចាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងមក អាមេរិកបានប្រើសិទ្ធិវ៉េតូជាច្រើនលើក ដើម្បីរារាំងការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ។ កាលពីខែមេសាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតប្រឆាំងនឹង សេចក្តីព្រាង នៃសេចកី្តសម្រេចចិត្តមួយច្បាប់ ស្តីពីការហាមមិនឱ្យអ៊ីស្រាអែលដឹកជញ្ជូនអាវុធ។
កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើមបានវាយប្រហារ និងលាបពណ៌សភាពការណ៍សិទ្ធិមនុស្ស របស់ប្រទេសចិន ដោយយកបញ្ហាពាក់ព័ន្ធ តំបន់ស៊ីនជាំងធ្វើជាលេស។ ប្រទេសចំនួនជាង១រយ បានបង្ហាញអាកប្បកិរិយា របស់ខ្លួនតាមរបៀបខុសៗគ្នា ដើម្បីផ្តល់ការគាំទ្រដល់គោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ហើយបង្ហាញយ៉ាងច្បាស់ថា ប្រឆាំងប្រែក្លាយបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ប្រឆាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។
សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកអាមេរិក មានភាពយ៉ាប់យ៉ឺនណាស់ ប៉ុន្តែអាមេរិកបែរជាចង់ធ្វើជា “ចៅក្រមសិទ្ធិមនុស្ស ” ប្រការនេះមិនត្រឹមតែបានលាតត្រដាង នូវស្តង់ដារពីររបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អខាងសិទ្ធិមនុស្សទៀតផង។ ទង្វើដែលដើរបញ្ច្រាសពីចរន្តប្រវតិ្តសាស្ត្របែបនេះ មានតែនឹងញ៉ាំងឱ្យប្រទេសដទៃទៀត ប្រឆាំងយ៉ាងខ្លាំងក្លា ហើយនឹងធ្វើឱ្យអនុត្តរភាពបែបអាមេរិក កាន់តែថមថយចុះតែប៉ុណ្ណោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន