(ភ្នំពេញ)៖ លោកឯកអគ្គរដ្ឋទូតចិន Wang Wenbin បានបង្ហាញលទ្ធផលសង្ខេបនៃជំនួបប្រជុំទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
លោកឯកអគ្គរដ្ឋទូតចិន Wang Wenbin បានឱ្យដឹងថា កិច្ចជំនួបពិភាក្សាការងារនេះ បានជំរុញ និងបង្កើនទំនុកចិត្តរវាងចិន និងកម្ពុជាឱ្យបានកាន់តែស៊ីជម្រៅ ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង សម្រាប់ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានប្រកាសសារជាថ្មីថា ប្រទេសចិននឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយនឹងបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសមានឯករាជ្យភាព និងអធិបតេយ្យភាព។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ។
ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នា នឹងបង្កើនការតភ្ជាប់រវាងគំនិតផ្ទួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងគោលនយោបាយបញ្ចកោណរបស់ប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនការកសាង «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពិសេសកិច្ចសហការជាមួយគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការឆបោករាមប្រព័ន្ធអ៉ីនធឺណិត និងឧក្រិដ្ឋកម្មល្បែងស៊ីសងអនឡាញ ក្នុងគោលដៅជំរុញការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជា។
ពាក់ព័ន្ធនឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ហើយភាគីចិនក៏បានកោតសរសើរចំពោះភាគីកម្ពុជា ដែលបានចាត់វិធានការមួយចំនួន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មនេះ។ បើតាមលោកឯកអគ្គរដ្ឋទូតចិន ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ភាគីកម្ពុជាបានបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍នៅខេត្តព្រះសីហនុ និងបានបញ្ជូនជនល្មើសចំនួនជាង ១២០០នាក់ទៅប្រទេសចិនវិញ។
ទន្ទឹមនេះ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនក៏បានប្រកាសជំនួយឥតសំណងចំពោះប្រទេសកម្ពុជា ដែលមានទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូតចិន Wang Wenbin ជឿជាក់ថា ជំនួបពិភាក្សាទ្វេភាគីរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងបង្ហាញនូវសញ្ញាវិជ្ជមានចំពោះប្រទេសក្នុងតំបន់ និងអន្តរជាតិ ហើយនាពេលអនាគត កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា មុខជានឹងផ្ដល់សក្ដានុពលកាន់តែធំធេង ហើយនឹងទទួលបានសមិទ្ធផលកាន់តែផ្លែផ្កា៕