(រតនគិរី-ស្ទឹងត្រែង)៖ នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។
មិនខុសពីប្រជាពលរដ្ឋដទៃទៀត ដែលបានមកព្រំដែនផ្ទាល់នោះទេ, យុវជន សេង រី អាយុ១៩ ដែលបានធ្វើដំណរពីខេត្តតាកែវ លើចម្ងាយផ្លូវជាង១ពាន់គីឡូម៉ែត្រ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីស្ថានភាពព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាង បានអះអាងថា កាលពីមុនលឺតែការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនពីព្រំដែន ប៉ុន្តែ នៅពេលនេះបន្ទាប់ពីបានមកបង្គោលព្រំដែនខេត្តរតនគិរី ជាមួយនឹងប្រទេសវៀតណាម និងបង្គោលព្រំដែនខេត្តស្ទឹងត្រែង ជាមួយនឹងប្រទេសឡាវ គឺលែងមានមន្ទិលសង្ស័យទៀតហើយ ថាព្រំដែនត្រូវបានរំកិល ពីព្រោះរដ្ឋាភិបាល បានបោះបង្គោលព្រំដែនច្បាស់លាស់តាមផែនទី ហើយបង្គោលមានភាពរឹងមាំ ចាក់គ្រឹះយ៉ាងជ្រៅ។
យុវជន សេង រី បានគូសបញ្ជាក់ថា៖ «រយៈពេល២ថ្ងៃ ខ្ញុំបានមកដល់បង្គោលព្រំដែន២ខេត្ត គឺខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលពីមុនខ្ញុំមិនធ្លាប់បានមក ចំពោះការបោះបង្គោលព្រំដែន ពីមុនមកមានព័ត៌មានទាំងការពិត និងការបន្លំ នៅពេលយើងចុះដល់ទីតាំងបោះបង្គោល នេះជាការពិតមួយដែលយើងត្រូវទទួលស្គាល់ថាប្រទេសយើងមានការបោះបង្គោលព្រំដែនពិតប្រាកដ មានការឯកភាពគ្នា ហើយនេះជាភាពពិតប្រាកដមួយនៃព្រំដែនដែលមានបង្គោលច្បាស់លាស់»។
យុវជនរូបនេះ ក៏បានបង្ហាញក្តីរំភើបជាខ្លាំងដែលបានមកដល់ព្រំដែន ហើយកម្មវិធីនេះមិនមាននោះទេពីមុនមក បើគ្មានការរៀបចំដំណើរទស្សនកិច្ចនេះទេ ច្បាស់ណាស់ពួកគាត់ពិតជាមិនបានស្គាល់បង្គោលព្រំដែននោះទេ ពីព្រោះពួកគាត់មានស្រុកកំណើតនៅឆ្ងាយពីខេត្តជាប់ព្រំដែន។
ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
សូមស្តាប់ការលើកឡើងរបស់យុវជន សេង រី ដូចខាងក្រោម៖