(កណ្តាល)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយលោក ហា មិញថាម អតីតប្រធានស្នងការនយោបាយ អង្គទ័ពលេខ៣ ក្នុងឱកាសដែលសមមិត្ត ហា មិញថាម (Ha Minh Tham) អតីតប្រធានស្នងការនយោបាយអង្គភាពទ័ពលេខ៣ និងប្រតិភូទាំងអស់ នៃសមាគមមិត្តភាពរណសិរ្សភូមិភាគ និរតីកម្ពុជា មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងជំនួបសម្តែងការគួសមនេះ កិត្តិសង្គហបណ្ឌិត បានសម្តែងមនោសញ្ចេតនារីករាយរាក់ទាក់បំផុត និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក ហា មិញថាម និងគណៈប្រតិភូ។
លោក ហា មិញថាម បានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ជាមិត្តជិតខាងដែលរួមសុខរួមទុក្ខជាប្រវត្តិសាស្រ្តជាមួយគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ និងបានធ្វើអោយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះជារៀងរហូតមក។
មិត្តភាពយូរអង្វែងជាប្រពៃណីដ៏ថ្លៃថ្លានេះ បន្សល់ទុកមកតាំងពីរជ្ជកាល អតីតព្រះករុណាព្រះបាទព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ហើយត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តបានយ៉ាងប្រសើរ និងបានចង្អុលបង្ហាញអោយអ្នកជំនាន់ក្រោយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គោរពដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ។
ក្នុងរយៈពេលដ៏យូលង់មកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង។
កិត្តិសង្គហបណ្ឌិត មានសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងចំណង សាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះក្រោយពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះបណ្តាសមមិត្តទាំងអស់នឹងពាំនាំយកនូវអនុស្សាវរីយ៍ល្អៗ និងការ នឹករលឹកអាឡោះអាល័យពីអតីតកាលនៅលើទឹកដីកម្ពុជា ដែលជាសមរភូមិចាស់ ជាទីកន្លែងធ្លាប់រួមសុខរួមទុក្ខជាមួយប្រជាជន និងកម្មាភិបាលកម្ពុជាកាល ពីសម័យតស៊ូ និងធ្វើការរួមជាមួយគ្នា។
កិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យដំណើទស្សនកិច្ចរបស់គណៈប្រតិភូទទួលបានជោគជ័យ សូមជូនពរឱ្យបណ្តាសមមិត្ត សុខភាពល្អ សុភមង្គល និងសម្រេចការងារដែលបក្សនិងរដ្ឋប្រគល់ជូន៕