(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លើកទឹកចិត្តប្រជាពលរដ្ឋឲ្យហ៊ាននិយាយការពិតនូវចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន និងបានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកបានថ្លែងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន៥គ្រួសារ នៅក្នុងភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែរ លោកបានពាំនាំការប្រាំផ្ញើសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន
អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅគ្រប់មូលដ្ឋានគ្រប់ពេលវេលា។
លោកបានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដើម្បីបានជួយសង្គ្រោះ ក៏ដូចជាការផ្ដល់នូវប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រដែលជាគោលការណ៍ដ៏អាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជូនពួកគាត់បានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋសូមចេះថែរក្សា និងឆែកសុខភាពឲ្យបានទៀងទាត់ ព្រមទាំងដាំដុះដំណាំបន្ទាប់បន្សំជុំវិញគេហដ្ឋាន ដើម្បីទ្រទ្រង់និងលើកកម្ពស់សុខភាពជីវភាពរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើងផងដែរ។
លោកភិបាលស្រុកស្ទោង បានជំរុញដល់អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារ និងស្រែស្រូវកសិករដែលជនលិចទឹកជំនន់នៃរដូវវស្សាឆ្នាំនេះឲ្យបានជាក់លាក់ ដើម្បីផ្ដល់ពូជសង្គ្រោះ ព្រោះស្ដារឲ្យបានទាន់ពេលវេលា និងទាន់រដូវកាល។
សូមបញ្ជាក់ថាគ្រួសារទាំង៥ខាងលើ ម្នាក់ៗទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួន ពីលោកអភិបាលស្រុកស្ទោងនិងថវិកាម្នាក់ៗ ២០ម៉ឺនរៀល របស់លោក ទៀ ឆាយវេង និងលោក ស្រី ទិន ស៊ាមលី៕