(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងចែកអំណោយជូនក្រុមកីឡាករទូកក្នុងស្រុកកំពង់ស្វាយ នៅសាលាស្រុកស្រុកកំពង់ស្វាយ ភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អុំទូកងថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសែន។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីអុំទូកក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្រោមម្លប់សន្តិភាព។
លោកស្រីបញ្ជាក់ថា ដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តទៅមានភាពរលូន និងល្អប្រសើរ ជូនប្រជាពលរដ្ឋកម្សាន្តកាន់តែសប្បាយរីករាយនោះ លោកស្រីសូមឲ្យកីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត រៀបចំប្រណាំងទូក ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សាដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។ កត្តាដែលកីឡាករ គប្បីយកចិត្តទុកដាក់បំផុតនោះ គឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចមានកាយសម្បទានគ្រប់គ្រាន់ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសារ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងគោរពពេលវេលាឲ្យបានត្រឹមត្រូវ។
លោក សួស យ៉ារ៉ា បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមកីឡាករទាំងអស់ និងបានលើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានប្រវត្តិទូកលឿនល្បីៗ ដូច្នេះកីឡាករទាំងអស់ត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យប្រកួតថ្នាក់ជម្នះ និងត្រៀមខ្លួនទៅប្រកួតថ្នាក់ជាតិបន្តទៀតក្នុងកម្មវិធីបុណ្យប្រពៃណីជាតិ រួមទាំងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលតែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
លោក សួស យ៉ារ៉ា បានផ្តាំផ្ញើដល់ប្រតិភូដឹកនាំដឹកនាំកីឡាករនិងកីឡាករអុំទូកទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនឈ្នះ ឬចាញ់សូមទទួលយកដោយក្តីរីករាយ ព្រោះការប្រកួតតែងមានឈ្នះមានចាញ់ជារឿងធម្មតាអ្វីដែលសំខាន់នោះ គឺបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី។
លោកស្រី ឃួន ឃុនឌី និងលោក សួស យ៉ារ៉ា បានជួយឧបត្ថម្ភដល់កីឡាករ១៣ទូក មានកីឡាករ ៤៥០នាក់ ដោយក្នុងមួយទូកៗ ទទួលបានអង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីវ ទឹកក្រូច ក្រមា និងថវិកាមួយចំនួន៕