(ស្ទឹងត្រែង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការចូលរួមលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ព្រមទាំងមន្រ្តីរាជការមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែង និងយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីជាច្រើននាក់។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ការជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងឡើង ដើម្បីឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹត្យ ទាំងការងារបច្ចេកទេស នឹងតាមនីតិវិធីផ្លូវ ច្បាប់ត្រឹមត្រូវ ក៏ដូចជាការររួមចំណែកក្នុងការ ធ្វើឱ្យមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីផែនការរបស់ក្រសួងសម្រាប់អនុវត្តក្នុងអាណត្តិទី៧នេះ និងស្នើសុំឱ្យមានការចូលរួមសហការ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ បន្ថែមពីនេះទៀត កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរ នោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តស្ទឹងត្រែង ប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តស្ទឹងត្រែងឱ្យបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះខេត្តស្ទឹងត្រែង ក៏ជាខេត្តមួយក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយក្រសួងបាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕