(ភ្នំពេញ)៖ ក្នុងកម្មវិធីផ្សព្វផ្សាយ និងការផ្លាស់ប្តូរទេសចរណ៍តំបន់ព្រិលនិងទឹកកកខេត្តហីឡុងជាំង (Heilongjiang) គោលដៅទេសចរណ៍ដ៏សម្បូរបែបនៅខេត្តភាគឦសានប្រទេសចិនមួយនេះ ត្រូវបាននាំមកផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ សមាគមទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ក្រោមការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៃប្រទេសទាំងពីរទៅមកទស្សនាឱ្យកាន់តែច្រើន។
ពិធីផ្សព្វផ្សាយ និងការផ្លាស់ប្តូរទេសចរណ៍តំបន់ព្រិលនិងទឹកកកនៃខេត្តហីឡុងជាំងនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ពោលគឺបន្ទាប់ពីការបើកសម្ពោធ «មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ (ភ្នំពេញ) ខេត្តហីឡុងជាំង» ទីតាំងនៅកោះពេជ្រ។
គួរកត់សម្គាល់ថា ខេត្តហីឡុងជាំង និងប្រទេសកម្ពុជាមានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ។ បច្ចុប្បន្ន ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» យើងបានពង្រឹងយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលមិនត្រឹមតែជួយបង្កើនការយល់ដឹង និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមកម្លាំងជំរុញថ្មីដល់សេដ្ឋកិច្ចនៃតំបន់ទាំងពីរ។
នាពិធីផ្សព្វផ្សាយនោះដែរ លោកស្រី ហឺ ជីង (HE Jing) ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង បានឱ្យដឹងថា ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តហីឡុងជាំងនេះ គឺស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ហើយក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន។ លោកស្រីរំពឹងថា ការផ្សព្វផ្សាយនេះដែរ នឹងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មទេសចរណ៍រវាងតំបន់ទាំងពីរ។
នាឱកាសនោះ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទៅលេងកម្សាន្តនៅខេត្តហីឡុងជាំង និងសូមអញ្ជើញប្រជាជនខេត្តចិនៅខេត្តហីឡុងជាំងមកកម្សាន្តនៅកម្ពុជាវិញ ពិសេសសូមយកកម្ពុជាជាគោលដៅទេសចរណ៍ផ្ទះទី២។
ក្នុងនាមក្រសួងទេសចរណ៍ លោករដ្ឋលេខាធិការបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគគិនទាំងសងខាង សូមសិក្សាពីកាលានុវត្តភាពធុរកិច្ចឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍នៃភាគីទាំងពីរ កម្ពុជា-ខេត្តហីឡុងជាំង។
សូមជម្រាបថា មុនឈានដល់ពិធីផ្សព្វផ្សាយនេះ ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំងបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសនិងខេត្តទាំងពីរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ ភាគីកម្ពុជា និងភាគីចិនខេត្តហីឡុងជាំង មានក្ដីរំពឹងថា ចំនួនភ្ញៀវទេសចរដែលទៅមកទស្សនាកម្សាន្ដគោលដៅទាំងពីរ នឹងមានការកើនឡើងជាលំដាប់៕