(កំពង់ធំ)៖ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំផ្ដាំផ្ញើដល់កីឡាករទូកគ្រប់គ្នា មិនត្រូវបន្តុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហិង្សា ដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ។
ពិធីជួបសំណេះសំណាលនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ រួមជាមួយការចែកអំណោយជូនក្រុមកីឡាករទូកវត្តឌួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកបានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីអុំទូក ប្រារព្ធឡើងក្នុងគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយក្រោមម្លប់សន្តិភាព។
លោកបញ្ជាក់ថា ដើម្បីឲ្យដំណើការប្រកួតប្រព្រឹត្តទៅមានភាពល្អប្រសើរជូនប្រជាពលរដ្ឋកម្សាន្តកាន់តែសប្បាយរីករាយនោះ កីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត រៀបចំប្រណាំងទូក ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហិង្សា ដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។
កត្តាដែលកីឡាករគប្បីយកចិត្តទុកដាក់បំផុតនោះ គឺត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច មានកាយសម្បទានគ្រប់គ្រាន់ ម្ចាស់ការអំពីសន្តិសុខ សុវត្ថិភាព សុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ និងបរិស្ថាន កន្លែងស្នាក់នៅ រក្សាសេចក្តីថ្លៃថ្នូរ មានអាកប្បកិរិយា និងសុភាពរាបសា មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងគោរពពេលវេលាឲ្យបានត្រឹមត្រូវ។
លោកបានផ្ដល់ថវិកានិងសម្ភារៈមួយចំនួនទៅដល់កីឡាករទូក «ឌួងសូរិយាបុប្ផាស្ទឹងសែន» និងទូក «ឌួងសូរិយាបុប្ផាក្តីដូង» សម្រាប់ប្រកួតថ្នាក់ខេត្ត នាថ្ងៃទី១៦-១៧ ខែតុលានេះ នៅខេត្តកំពង់ធំ៕