(សៀមរាប)៖ ពីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផល នៃជំនួបរវាងមេធាវីរាជរដ្ឋាភិបាល ជាមួយជនរងគ្រោះពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៉ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា។
លោកទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា ក្រោយការទទួលបានសិទ្ធិប្រទានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗ លើការផ្ដល់សេវាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។
លោក គី តិច គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មេធាវីរាជរដ្ឋាភិបាល បានជួបជាមួយជនរងគ្រោះចំនួន១៤លើក ក្នុងនោះ១២លើកនៅរាជធានីភ្នំពេញ និង២លើកនៅខេត្តសៀមរាប។ លោកបន្ដថា តាមរយៈជំនួបទាំង១៤លើកនេះ មានជនរងគ្រោះសរុបចំនួន៤,៩២៩រូប បានស្ម័គ្រចិត្តប្រគល់សិទ្ធិដោយស្របច្បាប់ជូនមេធាវី ដើម្បីដំណើរការការពារក្ដីតាមផ្លូវតុលាការ។
សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ ទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះ ដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល។
ក្រោយទទួលការប្រគល់សិទ្ធិពីជនរងគ្រោះហើយនោះ លោកមេធាវី គី តិច បាបបន្ថែមថា មេធាវីរាជរដ្ឋាភិបាលបានដំណើរការការពារក្ដីជាបន្ដបន្ទាប់តាមផ្លូវតុលាការ។
ខាងក្រោមនេះ ជាវីដេអូទាំងស្រុងរបស់ទេសរដ្ឋមន្ដ្រី គី តិច៖