(ពោធិ៍សាត់)៖ នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ មានករណីផ្ទុះធុងហ្គាសជាច្រើនធុង នៅហាងបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តែបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
នេះបើតាមការហ្វេសបុកផ្លូវការ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះនាមុននេះបន្តិច ពោលគឺនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងហ្វេសបុករបស់លោក ខូយ រីដា បានសរសេររៀបរាប់ថា «ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរដោយស្មោះចំពោះកម្លាំងនគរបាលពន្លត់អគ្គិភ័យខេត្ត និងរដ្ឋបាលក្រុង កម្លាំងអាវុធហត្ថខេត្ត ការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយការផ្ទុះធុងហ្គាសជាច្រើនធុង ក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ពិតជាបានយកចិត្តដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយការទទួលខុសត្រូវ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋ របស់យើងបានយ៉ាងពិតប្រាកដ»។
គួរបញ្ជាក់ថា បើតាមភ្នាក់ងារអង្គភាពសារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា មកដល់ពេលនេះ ពុំទាន់មានមនុស្សរងគ្រោះថ្នាក់អ្វីឡើយ ពោលគឺសភាពការណ៍អាចគ្រប់គ្រងបាន។ ជុំវិញករណីនេះ យើងពុំទាន់ដឹងជាក់ច្បាស់ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ៕