(កណ្ដាល)៖ លោក ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកណ្ដាល បានអំពាវនាវបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ មេត្តាអញ្ជើញមកចូលរួមទស្សនា និងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរយើងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ។ អ្នកនាំពាក្យរូបនេះ បានផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។
លោកបន្តថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូក រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំឲ្យតែឱឡារិក អធិកអធមជាងមុនជាមួយនឹងការត្រៀមកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព រៀបចំឲ្យបានល្អជាងឆ្នាំមុនៗទៅទៀត ពោលគឺយើងនឹងមានការបន្ថែមការបាញ់កាំជ្រួច បណ្ដែតប្រទីបស្អាតៗ រៀបចំស្តង់លក់ដូរ លក់ម្ហូបអាហារនំចំណី វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រគុំតន្ត្រីកន្ត្រាក់អារម្មណ៍ ដែលមានតារាល្បីៗនឹងចូលរួមច្រៀងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថា រដ្ឋបាលខេត្តបានណែនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព ខណៈដែលកងកម្លាំងទាំងអស់នឹងយាមកាមដើម្បីការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះ ខេត្តបានត្រៀមប៉ុស្តិ៍សម្រាប់ផ្ដល់ព័ត៌មានស្តង់ពេទ្យបឋមឡានពេទ្យ ធុងសម្រាមគ្រប់ទីតាំង បន្ទប់ទឹកស្អាតជាច្រើនកន្លែង និងពិសេសបានពិនិត្យផងដែរទៅលើសុវត្ថិភាពចំណីអាហារដើម្បីធានាថាម្ហូបអាហារដែលភ្ញៀវពិសារ គឺមានគុណភាពល្អ និងឆ្ងុយឆ្ងាញ់។ ដូច្នេះសូមពលរដ្ឋមកលេងកម្សាន្ត សូមរួមគ្នារក្សាអនាម័យទាំងអស់គ្នាផង៕