(ភ្នំពេញ)៖ អតីតមេបញ្ជាការ និងពលរដ្ឋក្នុងអតីតតំបន់ខ្មែរក្រហមនាទិសភាគពាយព្យ និងទិសភាគខាងលិចកម្ពុជា បានផ្ញើសារបណ្តាំប្រាប់មនុស្សមួយចំនួន ដែលចង់ដុតបញ្ឆេះប្រទេសកម្ពុជាខ្លួនឯងដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសេចក្តីសុខក្រោមដំបូលសុខសន្តិភាព។ តើសារបណ្តាំទាំងនោះមានអ្វីខ្លះ? Fresh Exclusive មានសេចក្តីរាយការណ៍៖
អតីតមេបញ្ជាការខ្មែរក្រហម និងពលរដ្ឋដែលធ្លាប់ហែលឆ្លងកាត់ភាពលំបាកក្នុងសម័យសង្គ្រាមស៊ីវិល បានបញ្ជួនសារប្រាប់មនុស្សមួយចំនួន ដែលកំពុងរងចាញ់បោកឧបាយកលទណ្ឌិត សម រង្ស៊ី ដែលកំពុងធ្វើនយោបាយប្រជាភិថុតិ ចង់នាំប្រទេសកម្ពុជាមានសុខសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមស៊ីវិលសាជាថ្មីឡើងវិញ។
កម្ពុជាដែលធ្លាប់បានហែលឆ្លងកាត់សង្គ្រាមជិត៣០ឆ្នាំ ដោយសាររដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ក្រោមលេសចោទប្រកាន់អ្នកដឹកនាំនយោបាយជាតិលក់ទឹកដីឱ្យវៀតណាម ធ្លាប់បានធ្វើឱ្យប្រទេសជាតិរងភាពខ្ទេចខ្ទាំ និងក្លាយជាប្រទេស ដែលស្ថិតក្នុងគំលាតឆ្ងាយមួយ ស្ទើរតែមិនអាចដើរទាន់ប្រទេសជិតខាងខ្លួនបានឡើយ។
សង្គ្រាមជិត៣០ឆ្នាំក្រោមលេសចោទថាអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ កាត់ទឹកដីខ្មែរលក់ឱ្យយួនយៀកកុង យៀកណាម ខាងជើង បាននាំឱ្យប្រទេសជាតិធ្លាក់ចូល ក្នុងរបបកាប់សម្លាប់ខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហមនោះ ប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមជាង៥ឆ្នាំ ក្នុងអតីតរបបសាធារណរដ្ឋខ្មែររួចមកហើយនោះ កាន់តែរងគ្រោះមហន្តរាយដោយសារខ្មែរសម្លាប់ខ្មែរគ្នាឯង ដោយការសងសឹកនិងការលាបពណ៌ដាក់គ្នា និងនៅក្នុងជំនាន់នោះ ពលរដ្ឋខ្មែរជាង៣លាននាក់ត្រូវបានស្លាប់ដោយសារការសម្លាប់ និងអំពើធ្វើទុក្ខបុកម្នេញ ការអត់អាហារទទួលទាន និងការខ្វះថ្នាំសង្កូវជាដើម។ បាវចនាជាតិ សាសនា និង ព្រះរាជបល្ល័ង្គ ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ទាំងស្រុង។ ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាមួយការប្រើប្រាស់នូវយុទ្ធសាស្ត្រ DIFID ផ្តើមពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦, ទឹកដីកម្ពុជា បានទទួលសុខសន្តិភាព ពិតប្រាកដសាឡើងវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ប៉ុន្តែមិនទាន់បានប៉ុន្មានឆ្នាំផង ដើម្បីតែមហិច្ឆតានយោបាយជាមួយនឹងការលូកដៃពីមជ្ឈដ្ឋានខាងក្រៅ ក្រុមធ្វើនយោបាយជ្រុលនិយម បានបង្កសាជាថ្មីនូវលេសនយោបាយយួនលេប ទឹក ដី ខ្មែរជាដដែល។ ក្រុមធ្វើនយោបាយជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់នយោបាយប្រជាភិថុតិដដែល ដូចពីអតីតកាលដោយការលាបពណ៌ និងចោទប្រកាន់ដាក់មកលើអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរកសន្តិភាពឱ្យទឹកដីជាតិខ្មែររបស់ខ្លួននោះ ថាជាអ្នកលក់ទឹកដីឱ្យវៀតណាម។
ការចោទប្រកាន់នេះ គឺជាដំណាក់កាលស្រដៀងគ្នាមួយដូចពីអតីតកាលដោយការបំផុសថា មានការកាត់ទឹកដីខ្មែរឱ្យវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ CLV-DTA និងការចោទជាច្រើនទៀត រាប់តាំងពីការប្រើលេសនៃការបង្ខិតព្រំប្រទល់ដែន, ការបាត់បង់កោះត្រល់ និងបាត់បង់ទឹកដីកម្ពុជាក្រោមជាដើម ដើម្បីធ្វើយ៉ាងណាចង់រកការដុតបញ្ឆេះកំហឹងពលរដ្ឋ ឱ្យធ្វើការតស៊ូមតិបះបោរប្រឆាំងរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អតីតមេបញ្ជាការខ្មែរក្រហម និងពលរដ្ឋក្នុងអតីតតំបន់សង្គ្រាមនាភាគខាងលិចនិងពាយព្យប្រទេស ដែលធ្លាប់ហែលឆ្លងកាត់ភាពលំបាកក្នុងសម័យសង្គ្រាមស៊ីវិលពីអតីតកាល ដោយសារតែនយោបាយយួនលេបទឹកដីខ្មែរនោះ បានថ្លែងដាស់តឿនដល់យុវជនមួយចំនួន ដោយពួកគេមិនត្រូវធ្លាក់ចូលក្នុងឧបាយកលដដែលៗ ចង់នាំប្រទេសជាតិឱ្យវិលត្រឡប់មកសង្គ្រាម ស៊ីវិលវិញឡើយ។
Fresh Exclusive បានធ្វើដំណើរទៅកាន់តំបន់អន្លង់វែងនៃខេត្តឧត្តរមានជ័យ និងបានជួបជាមួយអតីតមេបញ្ជាការខ្មែរក្រហមម្នាក់គឺ លោកឧត្តមសេនីយ៍ នាក់ វង្ស ដែលកាន់អាវុធតស៊ូក្នុងព្រៃជាច្រើនសិបឆ្នាំ ដោយសារតែធ្លាប់ជឿលើអ្វីដែលអតីតអ្នកនយោបាយជំនាន់មុនបានឃោសនាអំពីរឿងយួនលេបទឹកដីខ្មែរ ប៉ុន្តែនៅទីបំផុតក្រោយសង្គ្រាមដែលបញ្ចប់ក្រោមនយោបាយឈ្នះ-ឈ្នះ គេបានមើលឃើញថា វាគឺជានយោបាយប្រជាភិថុតិតែប៉ុណ្ណោះ និងតាមពិតគឺការបង្កសង្គ្រាមស៊ីវិលនោះទៅវិញទេ ដែលធ្វើឱ្យខ្មែររលាយទឹកដីនិងការបាត់បង់ អត្ថិភាពជាតិឯងតែប៉ុណ្ណោះ៖
«ការពិត នេះសុទ្ធតែជាលេសរបស់ពួកជ្រុលនិយមមួយក្តាប់តូច ដែលចង់ឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិសង្គ្រាម។ ខ្ញុំគិតថា ខ្ញុំធ្វើទាហានអាយុ១៥ឆ្នាំ ឥឡូវនេះខ្ញុំអាយុ៦៧ ចូល៦៨ហើយ។ អញ្ចឹងការលំបាកវេទនានេះ សង្គ្រាមនេះ គឺមិនត្រូវហើយមិនត្រូវឲ្យកើតមានតទៀតទេ ព្រោះវាលំបាកណាស់។ អញ្ចឹងប្អូនៗ ជំនាន់ក្រោយត្រូវរក្សាការពារសនិ្តភាពឱ្យបាន។ តើសន្តិភាពនេះចេញពីណា? គឺចេញពីសម្តេចតេជោ លោកលះបង់អាយុជីវិតដើម្បីរកសន្តិភាព។ អញ្ចឹងមានសន្តិភាពហើយ យើងត្រូវតែការពារសន្តិភាពឲ្យបាន។ កុំជឿតាមការញុះញង់របស់បុគ្គលដទៃ ដែលថាអ្នកនេះ ឬអ្នកនោះមកយកទឹកយកដី គ្មានបានបាត់មួយចង្អាមទេ ពិសេសខ្ញុំដែលជាកងទ័ព គឺខ្ញុំប្តេជ្ញាការពារបូរណភាពទឹកដី»។
លោកឧត្តមសេនីយ៍ នាក់ វង្ស ដែលបច្ចុប្បន្នជាមេបញ្ជាកងពលតូចថ្មើរជើងលេខ៤២ប្រចាំ ខេត្តឧត្តរមានជ័យ បានថ្កោលទោសសម្តីប្រជាភិថុតិនៃនយោបាយយួនលេបទឹកដីខ្មែរ និងអំពាវនាវពលរដ្ឋថែរក្សាសន្តិភាព និងលោកបញ្ជាក់ថាក្រុមគ្រួសារអតីតខ្មែរក្រហមនាទិសខេត្តឧត្តរមានជ័យ ជាពិសេសនៅតាមតំបន់ជាប់ព្រំដែនថៃរួមទាំងទិសនៅជប់គគីរ, តាក្របី និងអន្លង់វែងជាដើម នឹងមិនចាញ់នូវការឃោសនានយោបាយយួនលេបទឹកដីខ្មែរទៀតឡើយ។ Fresh Exclusive បានជួបអតីតយុទ្ធជនម្នាក់ឈ្មោះ សៀង សុខហេង ដែលធ្លាប់ប្រយុទ្ធក្នុងសម័យសង្គ្រាមស៊ីវិលនៅតំបន់អន្លង់វែង ដែលជាតំបន់នៃសំបុកធំចុងក្រោយរបស់កងកម្លាំងកម្ពុជាប្រជាធិបតេយ្យ។
អតីតយុទ្ធជនលោកសៀង សុខ ហេង បានថ្លែងអង្វរករដល់អ្នកទាំងឡាយដែលរងការចាញ់កលនូវនយោបាយួនលេបទឹកដីខ្មែរ សូមកុំជឿការចាញ់បោកទណ្ឌិត សម រង្ស៊ី នឹងត្រូវដកខ្លួនចេញពីនយោបាយញុះញង់ដែលចង់ឱ្យប្រទេសរបស់ខ្លួនធ្លាក់ចូល ក្នុងឧបាយកលសង្គ្រាមសាជាថ្មី៖
«ខ្ញុំសូមលើកម្រាមដៃ១០ ដើម្បីសូមផ្តែផ្តាំ ពីព្រោះខ្ញុំបាទធ្លាប់ឆ្លងកាត់នៃសង្គ្រាមរយៈពេលជាយូរឆ្នាំហើយ។ អញ្ចឹងសូមឱ្យក្មេងៗជំនាន់ក្រោយ មេត្តាកុំជឿអ្នកញុះញង់បង្ខូចហើយធ្វើអ្វីមួយដើម្បីផលប្រយោជន៍របស់គេ ពីព្រោះសង្គ្រាមគឺពិបាកណាស់។ អញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ យើងចាប់ដៃគ្នា…យើងជាខ្មែរ យើងរួបរួមគ្នាយើងចេះស្រលាញ់គ្នា យើងថែរក្សាទឹកដីរបស់យើង ដើម្បីកុំឱ្យបែកបាគ់គ្នា តែបែកបាក់គ្នាហើយ គឺយើងមានសង្គ្រាមហើយ គឺយើងលំបាកណាស់ អញ្ចឹងយើងកុំចង់បានទៅចូលវិលទៅកន្លែងដើមវិញ។
ខ្ញុំសូមជម្រាបថា វាមិនមានវៀតណាមឯណាមកវាយយើងនោះទេ ហើយឥឡូវក៏វាយយើងមិនកើតដែរ ។ សំខាន់គឺយើងខ្មែរ ហើយនិងខ្មែរ យើងចាប់ដៃគ្នា…កុំទៅជឿពួកញុះញង់…អាហ្នឹងគឺបំបែកដើម្បីឱ្យយើងបែកបាក់សាមគ្គីគ្នាទេ អាហ្នឹងទៅសង្គ្រាមទៀតហើយ…បើមានសង្គ្រាម…មានគេលូកដៃគេយកដីយើងទៀតហ្នឹងឯង ហើយយើងធ្វើម៉េចកុំឱ្យបែកបាក់គ្នា… អញ្ចឹងយើងកុំបែកបាក់គ្នា…យើងសាមគ្គី…យើងកសាងទាំងអស់គ្នាទៅ…យើងជួយអភិវឌ្ឍគ្នាទៅ»។
Fresh Exclusive បានធ្វើដំណើរមកកាន់ខេត្តប៉ៃលិន ដែលជាអតីតទីតាំងដ៏ធំមួយរបស់កងកម្លាំងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ខេត្តប៉ៃលិន ដែលបានធ្វើសមាហរណកម្មជាមួយ រាជរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦ គឺជាខេត្តមួយ ដែលក្រុមធ្វើនយោបាយជ្រុលនិយមបានប៉ុនប៉ងបញ្ឆេះកំហឹងជាតិនិយមជ្រុលដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលវិញ ប៉ុន្តែអតីតអ្នកកាន់អាវុធក្នុងជួរកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា គេមិនចាញ់ឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះឡើយ។
នៅក្នុងខេត្តប៉ៃលិននោះ Fresh Exclusive បានជួបជាមួយអតីតអ្នកនិយាយវិទ្យុខ្មែរក្រហម លោក គង់ ដួង ដែលបានថ្លែងថាពលរដ្ឋខេត្តប៉ៃលិន ធ្លាប់ស្គាល់ហើយនូវនយោបាយលាបពណ៌អំពីយួនលេបទឹកដីខ្មែរនេះ។ លោកបានបញ្ជាក់វិញថា នយោបាយបោកប្រាស់នេះគ្មានប្រសិទ្ធិភាពអ្វីដាក់មកលើប្រជាជនរស់នៅខេត្តប៉ៃលិន នៃអតីតតំបន់កងកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហមនេះបានឡើយ៖
«បាទ! អគុណចំណុចនេះជាចំណុចសំខាន់មែនទែន ដែលពួកខ្ញុំអ្នកប៉ៃលិនចង់បើកបេះដូងអោយដល់យុវជន ផ្តល់បទពិសោធន៍សុំShareបទពិសោធន៍ដល់យុវជនខ្មែរយើងទាំងអស់យល់ថា ទីមួយយើងចង់បញ្ជាក់ថា ព្រឹត្តការណ៍CLV-DTA នេះមិនខ្វះនោះទេ ពួកមកញុះញង់តាមមូលដ្ឋានភូមិ…ប៉ុន្តែខ្ញុំចុះមូលដ្ឋានច្រើន…ចុះតាមភូមិច្រើនណាស់ក្នុងព្រឹត្តការណ៍សភាពការណ៍ទាំងអស់ និងប្រជាជនគាត់ថា គាត់អត់ចាប់អារម្មណ៍ទេ។
គាត់ថាពួកយើងមានជំនឿជាមួយរាជរដ្ឋាភិបាល។ ដូចទឹកនិងប្រេងអញ្ចឹងពេលពួកទាំងហ្នឹង និយាយមកយើងស្តាប់អត់ចូលនោះទេ។ និយាយរួម ជាសតិអារម្មណ៍របស់ប្រជាជនទូទៅសម្រាប់ខ្ញុំ ខ្ញុំផ្តាំថានិយាយពីរឿងទឹកដី…និយាយពីរឿងជាមួយវៀតណាម វាជាចំណុចរសើបហើយ ការពិតទៅប្រជាពលរដ្ឋយើងទូទៅមិនមែនតែនៅខេត្តប៉ៃលិន កាលណានិយាយរឿងទឹកដី…និយាយរឿងវៀតណាម យើងសុទ្ធតែព្រួយបារម្ភហើយ ដោយសារតែវាមានប្រវត្តិសាស្រ្តមក ប៉ុន្តែចំណុចនេះមកទល់ពេលនេះ បច្ចេកវិទ្យានៃការរៀនសូត្រ និងប្រវត្តិសាស្រ្តនៃការរៀនសូត្ររបស់អ្នកប៉ៃលិន…វាមិនមានយុវជនប៉ៃលិនទេ…ខ្ញុំចង់និយាយថា ០,១យុវជនដែលពនេចរ មកប្រកបរបរប្រជាពលរដ្ឋមួយចំនួន ដែលបងប្អូនមកប្រកបរបរនៅប៉ៃលិន គាត់អត់ដូចអ្នកប៉ៃលិន…បើថាអ្នកប៉ៃលិនសុទ្ធណា៎…ខ្ញុំធានាតែម្តង២០០% មិនងាយជឿរឿងអ្វីៗ ព្រោះខ្ញុំផ្តាំថា រឿងសង្រ្គាមខ្ញុំបានធ្លាប់ឆ្លងកាត់ខ្លួនខ្ញុំ ជីវិតដែលឆ្លងកាត់មកដល់ថ្ងៃនេះណា៎មួយថ្ងៃស្លាប់រាប់រយនាក់ថ្ងៃណាក៏ស្លាប់…ថ្ងៃណាក៍របួស…ថ្ងៃណាក៏ពិការ។
ហើយរឿងសង្រ្គាម…ស្រុកខ្មែរយើងឆ្លងហួស… កូនៗយុវជនក្រោយ គាត់បានឃើញហើយឥឡូវ…មើលឥឡូវយកឧទាហរណ៍…មើលតែអ៊ុយក្រែន និងរុស្ស៊ី មើលតែអ៊ីស្រាអ៊ែល ប៉ាលេស្ទីន…ហាម៉ាសនិងហេសបូឡា ស្លាប់របៀបម្តេច? គឺទម្រង់ដូចគ្នាអញ្ចឹង…គ្រាប់ផ្លោងធ្លាក់នៅទីនេះ…ពួកខ្ញុំនៅតែលើភ្នំពួនដូចជាស្វា…ពេលប្រយុទ្ធគ្នា អញ្ចឹងប្រុសៗ គ្មានការជួបជុំទេ។
ប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយថាគ្រាន់តែចង់ផ្តាំយុវជនថាតម្លៃនៃសន្តិភាព បាននាំឱ្យមានការជួបជុំបានរៀនសូត្រ និយាយរួមទៅរៀនសូត្រៗចេះដឹង រកស៊ីបានកសាងជីវភាពទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ បងប្អូនខំខ្លាំងរៀនខ្លាំងចេះខ្លាំង ជីវភាពល្អ ហើយកុំទៅស្រមើស្រមៃ…ខ្ញុំចង់និយាយចំណុចនេះមួយពួកប្រឆាំងវានិយាយអារឿងកោះត្រល់… វាយកតែរឿងដី…វាដឹងថារឿងដីនេះ វាជាចំណុចក្តៅរវាងវៀតណាម និងកម្ពុជា ដូចជំនាន់រដ្ឋប្រហារ ១៨មីនាអញ្ចឹង ទម្លាក់ព្រះករុណាសម្តេចសីហនុក៏ដោយសារតែរឿងដីហ្នឹងដែរ ឥឡូវគេចង់យកអាទម្រង់ហ្នឹងដដែលៗ មកនិយាយរឿងCLV-DTA។ រឿងរាជរដ្ឋាភិបាលកាត់ទឹកដីកាត់បួនខេត្តទៅឱ្យវៀតណាម ពួកខ្ញុំអត់ជឿតែម្តង…ពួកខ្ញុំលែងជឿ…វាអត់អាច អញ្ចឹងពួកអ្នកដែលជឿ គឺពួកអ្នកក្រុមនិងមានចេតនា បើនិយាយឱ្យយើងជឿនៅទីនេះ អត់មានអ្នកណាជឿទេ! ព្រោះនៅទីនេះ គេសុខហើយ។
គេមានលទ្ធភាពធ្វើស្រែ ធ្វើចំការ ដាំស្រូវ រកស៊ីរស់ស្រួល ជួបជុំកូនចៅគេរៀងរាល់ថ្ងៃ…គេជឿរាជរដ្ឋាភិបាល… គេជឿសម្តេចដែលខំដោះស្រាយបញ្ចប់សង្រា្គម សម្តេចខំដាក់ចេញនូវនយោបាយឈ្នះៗបញ្ចប់សង្រ្គាមអោយរស់ស្រួលហើយ រឿងអីទៅបង្កសង្រ្គាម…ហើយសួរថាអ្នកណាព្រម…មិនមែននិយាយតែអ្នកប៉ៃលិនទេ…កូនខ្មែរមួយប្រទេសក៏គេមិនព្រមដែរ។ អញ្ចឹងរឿងហ្នឹងវាអត់អាច…ចឹងហើយបាន វាបំផុសវាញុះញង់…វាហួសការពិតពេក…ហួសការពិតពួកខ្ញុំនៅទីនេះមានបទពិសោធន៍នេះ។
ពួកប្រឆាំងកូរខ្លាំងដែរដំបូង…ពេលសមាហរណកម្មមក ពួកប្រឆាំងមកកូរ សុទ្ធតែកុំអោយពួកខ្ញុំហ្នឹង ទៅចូលរួមជាមួយរាជរដ្ឋាភិបាល រដ្ឋាភិបាលអាយ៉ងយួនអីណាជារឿងគ្រោតគ្រាត…ច្រើនតែមកដល់នេះ…ប៉ៃលិនរឹងមាំ និងមកដល់ម៉ោងនេះក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ីឈាននិងលោកជំទាវ បាន ស្រីមុំអភិបាល…ខេត្តនេះគឺយើងមានការងារ…ខ្ញុំចង់ជម្រាបបងថា ដែលមានព្រឹត្តការណ៍CLV-DTAនេះ គឺលោកយកចិត្តទុកដាក់ចុះស្ទាបស្ទង់សតិអារម្មណ៍ប្រជាពលរដ្ឋនៅទីនេះ។ ព្រោះនៅកន្លែងនេះជាតំបន់ចុងក្រោយ…ជាតំបន់ដែលបងប្អូនអ្នកតស៊ូ…ហើយ៩០ភូមិជាង យើងធ្វើការយើងស្តាប់ប្រជាពលរដ្ឋប្រជាពលរដ្ឋ គឺគាត់អត់ជឿ។
គាត់អត់ខ្វល់ទេដែលជាមោទនភាព…ខ្ញុំសុំសំដែងមោទនភាពសម្រាប់អ្នកប៉ៃលិន ដែលជាអ្នកដែលឆ្លងកាត់សង្រ្គាមច្រើនណាស់ ដូចយើង អាយុដូចយើងសុទ្ធតែជាអ្នកប្រយុទ្ធហើយនេះ។ មួយថ្ងៃស្លាប់បួនដប់ម្ភៃដងទម្រាំតែរួចមកដល់ថ្ងៃនេះ។ អញ្ចឹងគឺជាក់លាក់ជឿថា ពួកយើងអត់ជឿឧបាយកលញុះញង់បោកប្រាស់ទេហើយសុំផ្តាំដល់យុវជនបើកាលណាចង់រស់ក្នុងសន្តិភាព ចង់រៀនសូត្រមានអនាគតវែងឆ្ងាយ កុំជឿតាមឧបាយកលពួកអាបោកប្រាស់ស្នេហាជាតិនៅក្រៅប្រទេសនោះ ពួកនោះសុទ្ធតែបោកប្រាស់ញុះញង់អោយមានសង្រ្គាម ហើយបើមិនទាល់ស្គាល់រសជាតិសង្រ្គាមទេ មើលអ៊ុយក្រែននិងរុស្សី មជ្ឃឹមបូព៌ា អ៊ីស្រាអ៊ែលជាមួយប៉ាលេស្ទីនទៅ គឺកាប់សម្លាប់គ្នារាល់ថ្ងៃហ្នឹងអញ្ចឹង»។
Fresh Exclusive បានជួបជាមួយអតីតអ្នកប្រយុទ្ធខ្មែរក្រហមម្នាក់ទៀតនៅខេត្តប៉ៃលិន គឺលោក ជឹម ចំណាន ដែលលោកបញ្ជាក់ថា លោកបានឆ្អែតឆ្អន់ហើយនូវជីវិតសង្គ្រាម។ លោក ជឹម ចំណាន បានថ្លែងថាក្រុមជ្រុលនិយមដើម្បីឱ្យមានការផ្ទុះសង្គ្រាម គឺពួកគេចាំបាច់ត្រូវធ្វើនយោបាយប្រជាភិថុតិក្នុងការចោទប្រកាន់លាបពណណ៌ដាក់គ្នា និងមានតែវិធីនេះទេ ដែលក្រុមជ្រុលនិយមគិតថាវាអាចជាឈ្នួនផ្ទុះសង្គ្រាមបាន។
លោកបានថ្លែងថាប៉ុន្តែនៅពេលដែលមានសង្គ្រាមផ្ទុះឡើងឡើយ បាយស្ទើររកហូបមិនបានកុំនិយាយអំពីរឿងឆ្ងាញ់, រឿងចង់មាន, រឿងចង់បាន ឬការទាមទារចង់ឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះជាដើម៖ «អ្វីដែលបង្កលក្ខណៈឱ្យប្រទេសជាតិរបស់យើងឱ្យទៅជាសង្រ្គាមវិញ ហើយដែលធ្វើឱ្យប្រជាពលរដ្ឋរបស់យើងលំបាកលំបិនដូចកាលដែលសម័យសង្រ្គាម សូម្បីតែកូនរកបាយ យើងចាស់ ឪពុកជរា ក៏យើងមិនមានកន្លែងឱ្យគាត់សុខស្រួលហើយមួយថ្ងៃៗមានតែប្រយុទ្ធគ្នា មានតែពិការ មានតែលំបាកបាយទឹក មិនដឹងនៅទីណាទេ។ ជាពិសេសដែលយើងធ្លាប់ឆ្លងកាត់មកឃើញថាលំបាកណាស់ ដូច្នេះត្រូវគេចឱ្យផុត បើយើងធ្វើអ្វីមួយក៏ដោយជៀសឱ្យផុតពីសង្រ្គាម ហើយយើងត្រូវដើរតាមរាជរដ្ឋាភិបាលដែលគាត់ធ្វើអ្វីឱ្យប្រទេសជាតិយើងមានសន្តិភាព ប៉ុណ្ណឹងគឺប្រជាពលរដ្ឋយើងត្រេកអរណាស់។
បាយក៏មានហូបគ្រប់គ្រាន់ របររកស៊ីក៏យើងមាន អ្វីៗជារបស់យើងទាំងអស់គ្នាហ្នឹង…គឺយើងខំថែរក្សា ឱ្យមានសន្តិភាពឱ្យបានល្អ ។ ខ្ញុំសំណូមពរថា កុំឱ្យមានការធ្វើរបៀបនេះទៀត ព្រោះថាលំបាកណាស់ដូចខ្ញុំបាននិយាយពីខាងដើមមកអញ្ចឹង សង្រ្គាមមិនមែនជារឿងលេងទេ ព្រោះតែយើងកេះកៃទៅហើយគ្រាប់វាមិនដឹងថាជាបងយើង…ប្អូនយើង…កូននៅក្នុងផ្ទៃ ក៏វាត្រូវតែសម្លាប់ដែរ…ហើយ ការអត់ឃ្លានមានក្រ បាយទឹក មិនដឹងនៅឯណាទេ ហើយប្រទេសជាតិក៏អត់មានការរីកចម្រើនដែរ។
អញ្ចឹងខ្ញុំសុំអង្វរថា បើសិនជាបងប្អូនបានរស់នៅប្រទេសគេដែលបានសុខស្រួល និងសុខក្សេមក្សាន្តទៅហើយ យើងធ្វើម៉េច ជួយសម្រួលឱ្យប្រទេសរបស់យើងឱ្យបានរីកចម្រើនហើយជួយដល់រាជរដ្ឋាភិបាលយើង ឱ្យបានមានសន្តិភាពដែលគាត់កំពុងតែខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីឱ្យមានសន្តិភាព សុំកុំឱ្យមានបញ្ហាអ្វីបន្តទៀត គឺថាយើងត្រូវអាណិតដល់ប្រជាពលរដ្ឋរបស់យើង»។
Fresh Exclusive នៅបានជួបជាមួយវរសេនីយ៍ឯក ប៉ែត ភា ដែលលោកគឺជាកូនប្រុសលោក ហ៊ឹម ពុធ នៃអតីតប្រធានរណសិរ្ស២៥០ នៃកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ ដែលឳពុករបស់លោកធ្លាប់បញ្ជាការវាយប្រយុទ្ធក្នុងសមរភូមិនាតំបន់ព្រំដែនកម្ពុជា-ថៃ និងតំបន់ស៊ីសុផុនខាងត្បូង។ លោកវរសេនីយ៍ឯក ប៉ែត ភា មេបញ្ជាការរងទិសទី២ ប្រចាំបីស្រុកខាងលិចគឺ ស្រុកសំពៅលូន, ស្រុកកំរៀង និងស្រុកភ្នំព្រឹក បានធ្វើសារបណ្តាំមួយដល់មនុស្សមួយចំនួនរស់ នៅក្រៅប្រទេសដោយមិនត្រូវជឿលង់នឹងឧបាយកលរបស់មេខ្លោងក្រុមជ្រុល និយមទណ្ឌិត សម រង្ស៊ី និងមនុស្សមួយចំនួនដែលជាបក្ខពួកឡើយ។
លោកវរសេនីយ៍ឯក ប៉ែត ភា ជាមួយនឹងក្រុមគ្រួសារដែលបច្ចុប្បន្នកំពុងរស់នៅក្នុងស្រុក សំពៅលូន នៅបាន រៀបរាប់ជុំវិញការចង់ដឹងថា តើសន្តិភាពបច្ចុប្បន្នបាននាំមកនូវអ្វីខ្លះដល់ស្រុកទេសរបស់លោក៖
«តាមការយល់ដឹងរបស់ខ្ញុំៗគិតថាយុវជនសម័យថ្មីយើងនេះ អត់បានហែលឆ្លងកាត់នូវសង្រ្គាមទេ។ អញ្ចឹងដូចពូៗចាស់ៗមួយចំនួនដែលគាត់រត់ចេញពីកម្ពុជាយើង នៅសម័យឆ្នាំ១៩៧០ ,១៩៧៩ ហើយមកដល់បច្ចុប្បន្ន ឆ្នាំពីរពាន់ម្ភៃបួនយើងនេះមិនបានវិលត្រឡប់ និងមើលឃើញថាប្រទេសកម្ពុជាយើងរីកចម្រើនប៉ុណ្ណាទេ។ អញ្ចឹងគាត់នៅចងចាំនូវអតីតកាល…គាត់ធ្លាប់លំបាកពីមុនមក អញ្ចឹងទៅគាត់មានការជឿលើការញុះញង់របស់ពួកក្រុមមួយចំនួនដែលរឹងរូស និងទន្ទឹងចង់បំផ្លាញសន្តិភាពនេះ។
អញ្ចឹងហើយគាត់ក៏បានបំផុសបំផុលនូវយុវជនជំនាន់ក្រោយទៀត ដើម្បីចង់ធ្វើអ្វីមួយនៅក្នុងប្រទេសកម្ពុជាដូចពីអតីតកាលឆ្នាំមួយពាន់ប្រាំបួនរយចិតសិបប្រាំបួន។ អញ្ចឹងខ្ញុំសុំផ្តាំផ្ញើទៅ ជូនទៅបងៗអ៊ុំពូមីងហើយយុវជនទាំងអស់ថា មានការភ្ញាក់រលឹកឡើង ចំពោះប្រទេសកម្ពុជាយើងមានការរីកចម្រើនខ្លាំងណាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ និងក្រោមការដឹងនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។ អញ្ចឹងហើយ កុំឱ្យមានការជឿការញុះញង់របស់ពួកអគតិមួយចំនួនដែលចង់បំផ្លាញប្រទេសកម្ពុជារបស់យើង។
ប្រទេសយើង អត់មានសន្តិភាពយ៉ាងម៉េច ឥឡូវនេះយើងគិតថា មុនសមាហរណកម្មសួរថា វេទនាយ៉ាងម៉េចខ្លះ សូម្បីពីព្រំដែនយើង ទៅសំពៅលូនទៅភ្នំពេញប្រើរយៈពេលពីរថ្ងៃ ចេញពីសំពៅលូន ដល់បាត់ដំបងគឺយប់ហើយ។ ចេញពីម៉ោងប្រាំពីរព្រឹក ទៅដល់ទីនោះអាចម៉ោងប្រាំមួយល្ងាច ហើយចេញពីទីនោះទៅដល់ភ្នំពេញទៀតត្រូវដេកនៅពោធិ៍សាត់ទៀត ឫកំពង់ឆ្នាំង…ផ្លូវលំបាកមែនទែន ឥឡូវនេះយើងប្រើរយៈពេលតែប្រាំពីរម៉ោង ពីព្រំដែនទៅភ្នំពេញ ហើយវិលល្ងាចបានទៀត ហើយពីមុនសមាហរណកម្ម គឺគ្មានផ្លូវណាខ្វាត់ខ្វែង អត់មានបង្គោលភ្លើង ផ្លូវ វត្តអារាម មន្ទីរពេទ្យទេ។
ប៉ុន្តែឥឡូវនេះក្រោយសមាហរណកម្មមួយពាន់ប្រាំមួយរយកៅសិបប្រាំមួយហើយ ក្រោមការដឹកនាំរបស់សម្តេចតេជោ យុទ្ធសាស្រ្តរបស់សម្តេចកាលនោះខ្ញុំចាំបាន ពេលសមាហរណកម្ម១៩៦ សម្តេចគាត់អញ្ជើញមកផ្ទះខ្ញុំ ក្នុងនាមឪពុកខ្ញុំប្រធានរណសិរ្ស២៥០ នៃកងទ័ពជាតិបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។ សម្តេចមកតំបន់៣២…តំបន់មួយទៀតនៅភ្នំនោះ។ ដល់អញ្ចឹងហើយ ឪពុកខ្ញុំគាត់បានប្រមូលប្រជាពលរដ្ឋតំបន់ រណសិរ្ស២៥០ ទាំងអស់ចូលមករដ្ឋាភិបាល…ចូលមករួមរស់ជាមួយសម្តេចពុក អញ្ចឹងពេលដែលសម្តេចពុកលោកអញ្ជើញចុះមក គឺប្រជាពលរដ្ឋតំបន់រណសិរ្ស២៥០ទាំងអស់គាត់សប្បាយណាស់…សាទរ គាំទ្រ ដូចទេវតាមកជួយសង្រ្គោះគាត់អញ្ចឹង ព្រោះកាលសម័យនោះ គឺអ្វីក៏ដោយមិនមែនកម្មសិទ្ធរបស់ខ្លួនទេ យើងគិតថាសូម្បីតែអង្ករហូបក៏យើងមានរបបដែរព្រោះសម័យនោះគឺមានពាណិជ្ជ។ អញ្ចឹងគឺថា គ្រួសារមួយគាត់ខ្វះអង្ករ ខ្វះអីហូបគឺគាត់ត្រូវតែស្នើទៅមេបញ្ជាការរបស់គាត់។
ដូចឪពុកខ្ញុំអញ្ចឹង ប្រាប់ឪពុកខ្ញុំទៅ គាត់ចារមកឱ្យទៅបើកពីពាណិជ្ជ…អញ្ចឹងសម័យនោះមានពាណិជ្ជ មានកន្លែងឃ្លាំងរួមមួយសម្រាប់គ្រួសារកងទ័ពយើងខ្វះខាតយកមកហូប។ ហើយឥឡូវនេះអត់ទេ ក្រោយពីសមាហរណកម្មហើយមានការអភិវឌ្ឍ។ គោលការណ៍របស់សម្តេច កាលចុះមកឆ្នាំ១៩៩៦នោះ គោលការណ៍សម្តេចពេលចុះមកគឺឱ្យធ្វើថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាមកសាងគ្រប់ទាំងអស់ គឺអត់មានប្រកាន់ថាតំបន់ខ្មែរក្រហមអ្វីទេ គឺយុទ្ធសាស្រ្តសម្តេចធ្វើគ្រប់ទីកន្លែងទាំងអស់ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សម្តេចគាត់ចាប់ផ្តើមធ្វើហើយឥឡូវនេះប្រជាពលរដ្ឋរស់នៅគឺថាសម្បូរសប្បាយរីកចម្រើន មានការដោះដូរទំនិញការអភិវឌ្ឍនៅតាមព្រំដែនដែលកម្លាំងខ្មែរក្រហមនៅក៏រីកចម្រើនដូចគ្នា ដូចពូបានធ្ចើដំណើរពីភ្នំពេញអញ្ជើញមកដល់អន្លង់វែង ជិះកាត់តាមនោះអត់មានថ្នល់ល់ក្រួសក្រហមទេ…សុទ្ធតែថ្នល់កៅស៊ូតែម្តង ហើយសុខសុវត្ថិភាពណាស់ធ្វើដំណើរដល់ម៉ោងប៉ុន្មានក៏បានដែរឱ្យតែយើងមានកម្លាំងបើក…គ្មានអសន្តិសុខទេ…បើកម៉ោងប៉ុន្មានក៏បានដែរនេះដែលទាំងនេះស្ថិតក្រោមការដឹកនាំរបស់សម្តេច»។
សារបណ្តាំរបស់អតីតមេបញ្ជាការខ្មែរក្រហម និងពលរដ្ឋនានាដែលធ្លាប់ហែលឆ្លងកាត់ភាពលំបាកក្នុងសម័យសង្គ្រាមស៊ីវិល ប្រាប់ទៅមនុស្សមួយក្រុមនៅក្រៅប្រទេស ដែលតែងជឿលង់នូវឧបាយកលមេខ្លោងក្រុមជ្រុលនិយមទណ្ឌិត សម រង្ស៊ី នេះបានធ្វើឡើងក្នុងដំណើរ រយៈពេល៥យប់និង៦ថ្ងៃរបស់ Fresh Exclusive នៃសារព័ត៌មាន Fresh News ក្នុងការចង់ដឹងថាតើរយៈពេល២៦ឆ្នាំ ក្រោយការធ្វើសមាហរណកម្មរបស់អតីតតំបន់កងកម្លាំងផ្តាច់ខ្លួន កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ចូលមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជា មានអ្វីកើតឡើងខ្លះ និងតើប្រជាជននៅទីនោះមានទស្សនៈយ៉ាងណាចំពោះការដឹកនាំរបស់រាជរដ្ឋា ភិបាលក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នៃមហាវីរៈបុរសជាតិខ្មែរដែលបំបាត់សង្គ្រាមស៊ីវិលទាំងស្រុង, ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដ និងមានការឯកភាពទឹកដីជាតិទាំងស្រុងដែលមិនធ្លាប់មានក្នុងរយៈកាល២៥ឆ្នាំចុងក្រោយនេះ។
Fresh Exclusive នៃសារព័ត៌មាន Fresh News នឹងមានផ្សាយនូវទិដ្ឋភាពប្លែកៗ និងការជួបសម្ភាសន៍ជាច្រើនជាមួយពលរដ្ឋនៅទីនោះមួយចំនួនថែមទៀតជាពិសេសការចង់ដឹងថាតើ កាលពី២៦ឆ្នាំមុនកន្លងមក អតីតតំបន់ខ្មែរក្រហមនាភាពពាយព្យនិងភាពបស្ចឹមប្រទេសបានប្រែមុខមាត់អ្វីខ្លះ? សូមលោកអ្នកនាង រង់ចាំទស្សនាកុំបីខានឡើយ៕