(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក លី សារី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥នេះ បានលើកយករបៀបវារៈទាំង៣ ដែលអង្គប្រជុំត្រូវធ្វើការពិនិត្យ ពិភាក្សា និងអនុម័តនាពេលនេះ រួមមាន៖
* ទី១- ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
* ទី២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប
* និងទី៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ និងរបៀបរបបចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤។
លោក លី សំរិទ្ធ បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកសាលាខេត្ត ត្រូវធ្វើការ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ និងតួលេខនៅក្នុងរបាយការណ៍។ លោកបានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ម៉្យាងទៀត រាល់អត្តសញ្ញាណបណ្ណ ដែលក្រសួងបានធ្វើរួច គឺត្រូវចែកជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា មិនត្រូវយកទុកនៅប៉ុស្តិ៍ ហើយឆ្លើយទៅពួកគាត់ថា មិនទាន់ធ្លាក់មកពីក្រសួង ដែលជាល្បិចកលដ៏អាក្រក់ ដើមី្បទាមទារលាភសក្ការៈពីប្រជាពលរដ្ឋ នៅពេលពួកគាត់មកសួរនាំនោះឡើយ។
លោកបានបន្តថា ទង្វើទាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេវាសាធារណៈ និងរាជរដ្ឋាភិបាល ដោយអាជ្ញាធរមូលដ្ឋាន។ ដើមី្បធ្វើការលុបបំបាត់ ករណីទាំងនេះ លោកក៏បានធ្វើការជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេស ការធ្វើអត្តសញ្ញាបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។
ម៉្យាងទៀត ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាត់ឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំង ត្រូវធ្វើការត្រួតពិនិត្យនូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាព នៅតាមទីប្រជុំជនប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។
លោក លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរអង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕