(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដែលមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
អនុក្រឹត្យនេះនឹងមានគោលបំណង ដើម្បីកំណត់យន្តការ និងវិធានការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យនៅតាមដីចំណីផ្លូវដែក ថែរក្សាគុណភាពផ្លូវដែក កំណត់ស្តង់ដារ និងបច្ចេកវិទ្យាសមស្របសម្រាប់ប្រព័ន្ធការពារផ្លូវដែក ផ្លាកសញ្ញាផ្សេងៗ ឧបករណ៍ផ្តល់ព័ត៌មាន (ផ្តល់ដំណឹង) ដើម្បីកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការពារសុវត្ថិភាពចរាចរណ៍នៅចំណុចឆ្លងកាត់ផ្លូវដែក ជាពិសេសរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវដែក។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្តពីកិច្ចប្រជុំកាលពីរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលបន្តលើមាត្រាមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យនេះឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ សំដៅយ៉ាងណាឱ្យបានលឿន មុននឹងបន្តនីតិវិធីតាមយន្តការទីស្តីការគណៈរដ្ឋមន្រ្តី៕