(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)»។
អង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ បង្កើតឡើងរយៈពេល ២០ឆ្នាំមកហើយ ដែលរហូតដល់ពេលនេះ មានសិស្សានុសិស្ស កំពុងស្នាក់នៅ និងសិក្សាជាង១៨០០នាក់។ រយៈពេលជាង២០ឆ្នាំមកនេះ អង្គការបានចំណាយថវិកាប្រមាណ១០០លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីនានា ក្នុងគោលដៅជួយកុមារកម្ពុជា។
នៅក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្មវិធីសំណេះសំណាលថ្ងៃនេះ គឺជាកម្មវិធីគួរឱ្យភ្ញាក់ផ្អើល ដោយតែមានវត្តមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចមិនធ្លាប់បានចូលរួមនោះឡើយនាពេលកន្លងទៅ ប៉ុន្តែដោយសារតែ ថ្ងៃទី២០ ខែតុលា ខាងមុខនេះ ជាឱកាសខួបចម្រើនជន្មាយុរបស់ សម្តេច ហើយសម្តេចមានកម្មវិធីទៅប្រទេសឥណ្ឌូនេស៊ីទៀតនោះ ទើបសម្តេចយកឱកាសនេះ ដើម្បីជួបសំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៅទីនេះតែម្តង។
នៅក្នុងពិធីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ក្មេងៗ នៅមណ្ឌល CCF និង PSE ហៅសម្តេចថា «ប៉ាណែត» ឬ «ពុក»ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះចំពោះស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអង្គការ PSE និង CCF ដែលបានជួយដល់ប្រជាជនកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSE និងCCFផងដែរ និងបានអំពាវនាវឱ្យសិស្សទាំងនោះខិតខំរៀនសូត្រឱ្យបានខ្លាំងក្លា៕