(កំពង់ឆ្នាំង)៖ ផ្លូវ៥០សេ គឺជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។ ជាពិសេសផ្តល់ចំណេញខ្ពស់សម្រាប់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ព្រោះធ្វើឱ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយខ្ពស់សម្រាប់ការធ្វើដំណើរ ឬដឹកជញ្ជូនទំនិញរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ក៏ដូចជារវាងខេត្តជុំវិញបឹងទន្លេសាបផងដែរ។
រាជរដ្ឋាភិបាល បានដាក់ចេញរួចហើយនូវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងផ្លូវ៥០សេនេះ ដើម្បីតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងខេត្តជុំវិញបឹងទន្លេសាប។ ក្នុងពេលបច្ចុប្បន្នទោះបីគម្រោងខាងលើនេះ មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់ជាផ្លូវការយ៉ាងណាក្តី ដោយមើលឃើញពីសារៈសំខាន់នៃកំណាត់ផ្លូវនេះ រាជរដ្ឋាភិបាល បានសាងផ្លូវក្រួសក្រហម ហើយសម្រេចលើកកម្ពស់ផ្លូវប្រវែងជាង៣០គីឡូម៉ែត្រក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឱ្យខ្ពស់បញ្ចៀសការជន់លិចក្នុងរដូវវស្សា។
កំណាត់ផ្លូវនេះកាលដើមឡើយគេអាចធ្វើដំណើរបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ លុះដល់រដូវវស្សាគេមិនអាចធ្វើដំណើរបានឡើយ ព្រោះត្រូវទឹកជន់លិច។ ប៉ុន្តែក្នុងរដូវវស្សាសឆ្នាំ២០២៤នេះ កំណាត់ផ្លូវខាងលើបន្តធ្វើដំណើរបានជាធម្មតា បន្ទាប់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកកម្ពស់ផ្លូវនេះរហូតដល់ទៅ៦ម៉ែត្រ កុំឱ្យទឹកលិចដូចបណ្តាឆ្នាំកន្លងទៅទៀត។ ការសាងសង់កំណាត់ផ្លូវខាងលើនេះ ត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុនគ្លូបល ហ្គ្រីន។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ពីការវិវឌ្ឍនៃផ្លូវ៥០សេយ៉ាងដូច្នេះ «ផ្លូវ៥០សេនេះ ប្រវត្តិដើមជាផ្លូវមួយមានការលំបាកខ្លាំងជិះបានតែម៉ូតូ ឬតាឡេថង រថយន្តអត់បានទេ។ ប៉ុន្តែក្រោយមកមានការកែសម្រួលពីក្រសួងសាធារណការ មានន័យផ្លូវក្រួសក្រហមលិចទឹករយៈពេល៦ខែ និងគោក៦ខែ។ អ៊ីចឹងមុនពេលក្រសួងកែសម្រួលស្រឡាងដែលឆ្លង៣ពេល ព្រឹក ថ្ងៃ ល្ងាចនេះ គឺមិនមានប្រជាពលរដ្ឋឆ្លងកាត់ទេ។ ប៉ុន្តែបន្ទាប់ពីកែសម្រួលដោយក្រសួងសាធារណការ គឺប្រជាពលរដ្ឋឆ្លងកាត់ច្រើនដែរ លុះថ្មីៗនេះបន្ទាប់ពីក្រុមហ៊ុនកែសម្រួលចាក់ផ្លូវកម្ពស់ពី១ម៉ែត្រ ដល់៦ម៉ែត្រ ផ្លូវលែងលិចទឹកទៀតហើយ ទាំងខែប្រាំង និងខែវស្សាផ្លូវនេះអាចជិះបាន»។
ពេលវេលា និងចម្ងាយផ្លូវជាប់ពាក់ព័ន្ធគ្នាយ៉ាងសំខាន់ទៅនឹងតម្លៃនៃច្រវ៉ាក់ផលិតកម្ម។ បើការធ្វើដំណើរ ឬដឹកជញ្ជូនប្រើពេលវេលាយូរ ហើយផ្លូវមានចម្ងាយឆ្ងាយ នឹងធ្វើឱ្យការចំណាយខ្ពស់ ដូច្នេះតម្លៃទំនិញទាំងឡាយនឹងមានតម្លៃខ្ពស់។ បើនិយាយពីកសិផលដែលដាំដុះនៅតំបន់មិនមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួលសម្រាប់ចូលទៅដឹកជញ្ជូនវិញ ការលក់ដូរក៏មិនអាចទទួលបានតម្លៃខ្ពស់ផងដែរ។
ជាក់ស្តែងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ព្រោះតែកង្វះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ បានធ្វើឱ្យទំនិញយកចូលទៅលក់ដូរនៅស្រុកនេះមានតម្លៃខ្ពស់ ហើយកសិផលផលិតបានត្រូវលក់ចេញក៏មិនសូវបានតម្លៃខ្ពស់ផងដែរ។ ការលើកកម្ពស់កំណាត់ផ្លូវ៥០សេ ឱ្យការធ្វើចរាចរណ៍បានទាំងរដូវប្រាំង និងរដូវវស្សា បានបន្តរក្សាស្ថេរភាពសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពង់លែងផងដែរ។
«និយាយពីការឆ្លងទំនិញវិញ បើយើងចង់ដឹកទំនិញពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ត្រូវឆ្លងកាត់ទៅភ្នំពេញ ខេត្តកណ្តាល និងកំពង់ចាម បានទៅដល់ អ៊ីចឹងទំនិញវាត្រូវឡើងថ្លៃ ប៉ុន្តែម៉ោងនេះលែងឆ្លងកាត់ទៅភ្នំពេញ ឬក៏កណ្តាលទៀតហើយ គឺយើងដឹកទៅកំពង់ធំផ្ទាល់តែម្តង អ៊ីចឹងទំនិញពីមុនដែលតម្លៃថោក ត្រូវឡើងថ្លៃ ប៉ុន្តែឥឡូវទំនិញដែលថ្លៃ ចុះថោកវិញ។ សម្រាប់ដំណាំកសិផលរបស់ប្រជាពលរដ្ឋ ដូចជាស្រូវ ពីតម្លៃថោក ប្រែទៅជាឡើងថ្លៃវិញ ដោយសារពីមុនគាត់ដាំដុះបានហើយ តែលក់ទៅកំពង់ធំគេលំបាកមកដឹក គេបង្អាប់តម្លៃ។ ប៉ុន្តែម៉ោងនេះ ឥឡូវនេះ គ្រាន់តែស្រូវគាត់ច្រូត ម្ចាស់រោងម៉ាស៊ីន ឬឈ្មួញទិញស្រូវបើកឡានមកដល់ស្រែគាត់តែម្តង អ៊ីចឹងធ្វើឱ្យតម្លៃស្រូវគាត់ខ្ពស់ជាងមុនពេលធ្វើផ្លូវ»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្តកំពង់ឆ្នាំង។
លោកអភិបាលបន្តរៀបរាប់ពីគុណប្រយោជន៍នៃការលើកកម្ពស់ផ្លូវនេះបន្ថែមទៀតថា «ក្រុមហ៊ុនជួយលើកកម្ពស់ផ្លូវរហូតដល់៦ម៉ែត្រនេះ មានសារៈសំខាន់ខ្លាំងមែនទែន ថ្វីត្បិតមិនទាន់ក្លាយទៅជាផ្លូវកៅស៊ូក្តី តែបានដើរតួនាសំខាន់ណាស់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ»។
បើទោះបីត្រឹមជាផ្លូវក្រួសក្រហម តែការលើកផ្លូវកុំឱ្យទឹកលិចនៅរដូវវស្សានេះ បានជួយសម្រួល និងនាំផលប្រយោជន៍ច្រើនសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង។ ពួកគេបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ។
អ្នកស្រី យូរ សុខឃា ពលរដ្ឋរស់នៅស្រុកកំពង់លែងតាំងពីពេលកើតមកនោះ បានបង្ហាញអារម្មណ៍ចំពោះការលើកកម្ពស់ផ្លូវ៥០សេយ៉ាងដូច្នេះ «ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើដំណើរពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។ ពីដើមទឹកលិច ប៉ុន្តែឥឡូវលើកផុតហើយ ប្រជាពលរដ្ឋស្រួលទៅមក។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយកសាងផ្លូវនេះផុតពីទឹក ពលរដ្ឋធ្វើការរកស៊ីតាមហ្នឹងស្រួល»។
ការសាងសង់ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក៏ដូចជាផ្លូវ៥០សេ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ពេលនៅដឹកនាំរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ គម្រោងមួយនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយរំពឹងថា ការដ្ឋានសាងសង់ស្ពាន និងផ្លូវ៥០សេ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីការយកចិត្តទុកដាក់លើគម្រោងខាងលើនេះយ៉ាងដូច្នេះ «បើតាមព័ត៌មានដែលខ្ញុំទៅប្រជុំជាមួយអន្តរក្រសួងក្តី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្តី គឺសម្តេចមហាបវរធិបតី បានជំរុញខ្លាំងណាស់ ដោយសារផ្លូវ និងស្ពាននេះមានសារៈសំខាន់។ នៅក្នុងកិច្ចប្រជុំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺរាជរដ្ឋាភិបាលលើកគម្រោងផ្លូវ និងស្ពាននេះ ជាអាទិភាពចម្បងសម្រាប់ឆ្នាំ២០២៤នេះ។ ក្នុងនាមខ្ញុំជាអភិបាល ក៏ដូចជាតំណាងឱ្យក្រុមប្រឹក្សាខេត្ត ក៏ដូចជាពលរដ្ឋខេត្តកំពង់ឆ្នាំង សង្ឃឹមថា បានផ្លូវ និងស្ពាននេះឆាប់ៗខាងមុខ»៕