(កំពង់ចាម)៖ ឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំប្រទេសកម្ពុជា លោក Wang Wenbin នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលចិន បានឯកភាពក្នុងការជួយកម្ពុជា ក្នុងការអនុវត្តន៍គម្រោងពង្រីក និងលើកកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជំហានទី២ និងសាងសង់ប្រព័ន្ធព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។
ការថ្លែងរបស់លោក Wang Wenbin ធ្វើឡើងក្នុងអញ្ជើញចូលរួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។
លោកឯកអគ្គរដ្ឋទូតថ្លែងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំជម្រាបនូវព័ត៌មានល្អមួយ គឺភាគីចិន បានឯកភាពជួយភាគីកម្ពុជា អនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៧ ជំហានទី២ ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និងសហការជាមួយភាគីកម្ពុជា ដើម្បីពន្លឿនបែបបទពាក់ព័ន្ធ ជំរុញឱ្យគម្រោងទាំងពីរនេះបើកការដ្ឋានសាងសង់ឱ្យបានឆាប់»។
យ៉ាងណាក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំប្រទេសកម្ពុជា មិនបានបញ្ជាក់លម្អិតអំពីគម្រោងទាំង ២នេះទេ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៧ ជំហានទី២ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (តំបន់អូរច្រឡង់) ទៅដល់ព្រំដែនកម្ពុជាកម្ពុជា-ឡាវ ប្រវែង ៩៦គីឡូម៉ែត្រ ក្រោមឥណទានជំនួយឥតសំណងចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់-ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ត្រូវបានបើករដ្ឋានស្ថាបនា នៅថ្ងៃទី ៩ មករា ឆ្នាំ២០២៣ មានប្រវែងប្រមាណ ៤៥,៤៨ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និង ពង្រីកទទឹងតួផ្លូវពី២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និង សួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤០ខែ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន។
ដោយឡែកសម្រាប់គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុវិញ រហូតមកដល់ពេលនេះ ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន៣ ដែលបានមានតួនាទីបន្សុទ្ធទឹកកខ្វក់ ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ម៉ែត្រគូបក្នុង ១ថ្ងៃ, ស្ថានីយទី២ មានសមត្ថភាព ៧ ២០០ម៉ែត្រគូបក្នុង១ថ្ងៃ និងទី៣ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។
បន្ថែមលើសពីនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិននៅព្រឹកថ្ងៃទី២៦ ខែតុលានេះ លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ភាគីចិនគាំទ្រភាគីកម្ពុជា យ៉ាងមុតមាំក្នុងការពារអធិបតេយ្យភាព ឯករាជភាព និងសេចក្តីថ្លៃថ្នូរនៃជាតិ, គាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការដើរតាមមាគាអភិវឌ្ឍន៍ ដែលសមស្របតាមលក្ខខណ្ឌរបស់ខ្លួន, គាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការសម្រេចគោលដៅ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕