(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែង កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះរបស់កម្ពុជា។
ការថ្លែងបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
លោកបបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖ «កម្ពុជានឹងចេញសេចក្តីថ្លែងការណ៍ថ្នាក់ជាតិ ជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ដើម្បីឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់កម្ពុជាយើងផង និងដំណើរការការពារធនធានធម្មជាតិរបស់កម្ពុជាយើងផង ទាំងនេះជាធាតុចូលដែលកម្ពុជានឹងផ្តល់ជូន និងជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះរបស់កម្ពុជា»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា នៅក្នុងកិច្ចប្រជុំនេះក៏មានការជួបពិភាក្សាការងារជាមួយមួយចំនួនពីសំណាក់រដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដើម្បីពង្រឹង ពង្រីកនូវទំនាក់ទំនងល្អ ដែលហៅថា «បរិស្ថានការទូត» ព្រមទាំងកៀរគរថវិកា ដើម្បីមកអភិរក្សជីវៈចម្រុះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការរំពឹងទុកថា កិច្ចប្រជុំស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី នឹងបង្ហាញពីការចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ របស់កម្ពុជា ដែលបានដាក់ចេញនូវវិធានការការពារ វិធានការពង្រីក ព្រមទាំងវិធានការបន្តទៀត។
«ហើយកម្ពុជានឹងពង្រីកការទូតបរិស្ថានរបស់កម្ពុជា ទៅលើឆាកអន្តរជាតិ ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជា។ ដូចខ្ញុំដាក់ចេញអ៊ឹចឹងភាពស្អាតរបស់កម្ពុជា មាន៣ ទី១៖ ភាពស្អាតនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា, ទី២៖ គឺភាពស្អាតរបស់កម្ពុជា នៅក្រៅខ្លួន ប៉ុន្តែ នៅក្នុងដែនប្រទេសកម្ពុជា និងទី៣៖ ភាពស្អាតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕