(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។
វេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល។
លោក កើត ឆែ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូរដ៏មានសារៈសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាព នៅតាមមូលដ្ឋានជនបទ សហគមន៍ក្រីក្រ តំបន់មិនរៀបរយ និងបំពេញបន្ថែមនូវភាពមិនពេញលេញ នៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ។
ស្រដៀងគ្នានេះ លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់សារសំខាន់ និងផ្តល់ឱកាសដល់សមាគម អង្គការក្រៅរដ្ឋាភិបាល ក្នុងភាពជាដៃគូ និងមានភាពស្មោះត្រង់ បំពេញចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផល មិនមែនតឹងសសៃកដាក់គ្នាទេ។ ជាមួយគ្នានេះ លោកបានក្រើនរំលឹក សមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវស្វែងយល់ពីអត្ថន័យ និងខ្លឹមសារនៃនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឲ្យបានច្បាស់លាស់ទើបធ្វើសកម្មភាពចំគោលដៅ។
លោកបន្តថា «យើងខ្មែរតែ១ មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាឲ្យបានសន្តិភាព គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់»។ លោកបានលើកជាឧទាហរណ៍ ប្រទេសកំពុងមានសង្គ្រាមនៅមជ្ឈឹមបូពារ៍នៅអ៊ុយក្រែនជាដើម តើអង្គការសង្គមស៊ីវិល ឬសកម្មភាពសង្គមទាំងឡាយ អាចធ្វើសកម្មភាពបានទេ? ពោលត្រូវយល់តម្លៃនៃសន្តិភាព៕