(ឧត្តរមានជ័យ)៖ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យ វាយតម្លៃលើគម្រោងថែទាំខួប ផ្លូវក្រាលល្បាយក្រួសចំនួន១ខ្សែ នៅឃុំបេង ស្រុកបន្តាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយលោក សាន វិសាល ចុះពិនិត្យវាយតម្លៃការងារថែទាំខួបផ្លូវ១ខ្សែនៅឃុំបេង ស្រុកបន្តាយអំពិល នាឱកាសនោះរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ផ្លូវ១ខ្សែដែលក្រុមការងារចុះពិនិត្យមានប្រវែង ១២,៨០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយក្រួស ៥.៥ម៉ែត្រ កម្រាស់១៥ស.ម ដែលជាគម្រោងផែនការឆ្នាំ២០២៤ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

បន្ទាប់ពីបានចុះត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតសំខានលើគុណភាព និងសោភ័ណភាពផ្លូវ១ខ្សែនេះរួចមក គណៈកម្មាធិការអន្តរក្រសួងបានវាយតម្លៃឯកភាពទទួលយកជាផ្លូវការ។លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងផ្ដល់អនុសាសន៍ និងស្នើសុំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាខ្សែផ្លូវនេះ ឱ្យបានគង់វង្សយូរអង្វែង ដោយកុំចាក់ដីខ្ពស់ជាងផ្លូវ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ពិសេសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សាន វិសាល បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  ដែលរស់នៅតាមសងខាងផ្លូវ និងបានថ្លែងពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី។ ជាមួយគ្នានេះលោកបានចែកជូននូវក្រមាម្នាក់១ទុកជាចំណងដៃដល់ប្រជាពលរដ្ឋផងដែរ៕