(ព្រៃវែង)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ​ក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងប្រមាណ ៨គីឡូម៉ែត្រ លូ និងផ្លាកសញ្ញាផ្សេងៗ ស្ថិតនៅស្រុកពាមជរ ខេត្តព្រែវែង។

នាឱកាសនោះលោក ចាន់ ដារ៉ុង បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួស ជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុងជាដើម ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស និងក៏ជាការចូលរួមចំណែកលើកកម្ពស់ការរស់នៅ​របស់ប្រជាពលរដ្ឋនៅជនបទផងដែរ។

ជុំវិញការស្ថាបនានេះ លោក ចាន់ ដារ៉ុង បានឯកភាពនិងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ទាំងនេះ ដោយបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ លោកបញ្ជាក់ថា​ ផ្លូវមានសារៈសំខាន់ណាស់ និងក៏ជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការដឹកជញ្ជូនកសិផលរបស់កសិករនៅតំបន់ទាំងនោះ និងការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រជាដើម។

នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោក ចាន់ ដារ៉ុង ក៏បានលើកឡើងថា ចំពោះសមិទ្ធផលដែលកើតឡើងថ្មីៗនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើត​ឡើង​ដោយសារការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្រាប់ជាមូលដ្ឋាន​រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបានបញ្ជាក់ថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះគឺកើតចេញពីកត្តាសុខ សន្តិភាព ស្ថិរភាព នយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ដូច្នេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ សម្រាប់សម្រួលដល់ការធ្វើដំណើរបានយូរអង្វែង។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ លោករដ្ឋលេខាធិការ ចាន់ ដារ៉ុង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕