(ភ្នំពេញ)៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ។
កិច្ចសន្ទនារយៈពេលពីរថ្ងៃនេះគឺផ្អែកតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការលម្អិត សហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ និងផែនការសកម្មភាពរបស់ពេល៥ឆ្នាំរបស់អាយឆា។ បន្ថែមពីនេះកិច្ចសន្ទនានេះ គឺជាវេទិកាដែលប្រមូលផ្តុំអ្នកជំនាញមកពីវិស័យនិងស្ថាប័នផ្សេងគ្នា ចូលមក ធ្វើការផ្លាស់ប្តូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានា ពាក់ព័ន្ធនឹងការឆ្លើយតប ចំពោះជំងឺកូវីដ១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារនៃការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អំឡុងពេលជំងឺរាតត្បាតក្នុងតំបន់អាស៊ាន និងចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ ណាមួយនាពេលអនាគត។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជា ប្រចាំអាយឆា បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន ជាពិសេសគោលនយោបាយវ៉ាក់សាំង ដោយមិនមានការរើសអើងដែលទទួលបានជោគជ័យ និងការកោតសរសើរពីអង្គការសុខភាពពិភពលោក។
ទន្ទឹមនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរម្លឹកអំពីការទទួលយកវានា Westerdam ចូលចតក្នុងប្រទេសកម្ពុជា នៅពេលដែលគ្មានប្រទេសណាមួយ ហ៊ានទទួលយក ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជាចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីការជួយគាំទ្រពីប្រទេសចិនដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបរិក្ខាវេជ្ជសាស្ត្រ និងវ៉ាក់សាំងដែលជួយជីវិតប្រជាពលរដ្ឋជាច្រើនលាននាក់ និងបានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងប្រទេសចិន។
ចំពោះលោក Yong Chanthalangsy ប្រធាន និងជាតំណាងប្រទេសឡាវ ប្រចាំអាយឆា បានលើកឡើង ពីការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពថ្នាក់តំបន់ ដើម្បីទប់ស្កាត់និងដោះស្រាយផលប៉ះពាល់ចំពោះសេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខភាព ក្នុងករណីដែលវិបត្តិបែបនេះអាចកើតឡើងនាពេលអនាគត។
បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រពីសំណាក់ប្រទេសចិន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ លោក Chang Jian អនុប្រធានការិយាល័យស្ថានបេសកកម្មនៃស្ថានទូតប្រទេសចិន ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសកម្ពុជាចំពោះប្រទេសចិន ពីសំណាក់ព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា នាដើមឆ្នាំ២០២០។
កិច្ចសន្ទនានេះ បានគូសបញ្ជាក់ពីការអនុវត្តល្អៗ និងបញ្ហាប្រឈម ចំពោះការពង្រឹងសិទ្ធទទួលបានការអប់រំ សិទ្ធិការងារ សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិទទួលបានព័ត៌មាននិងឯកជនភាព និងការគាំពារសង្គម ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
សម្រាប់លោកស្រី ឡុង សូនីតា តំណាងរងរបស់ប្រទេសកម្ពុជា ប្រចាំអាយឆា បានថ្លែងសុទ្ទរកថាបិទកម្មវិធីថាវេទិកានេះនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើ វិស័យសិទ្ធិមនុស្សទាំងក្នុងអំឡុងពេលនិងក្រោយ ការរីករាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា កិច្ចសន្ទនានេះ គឺរៀបចំដោយអាយឆា-កម្ពុជា និងទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិអោយឆា និងមូលនិធិកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពី តំណាងប្រទេស សមាជិកអាស៊ានប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាង មកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្តាភ្នាក់ងាររបស់ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនានាជិត១០០នាក់៕