(ភ្នំពេញ)៖ របាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ប្រភេទ ត្រូវបានចុះបញ្ជី (ពីប្រភេទងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីៈវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។
របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយនៅថ្ងៃនេះដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ប្រភេទ ថនិកសត្វមាន ៣៨ប្រភេទ និងសត្វល្មូនមាន ៥ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី)ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និងសត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។
តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥% នៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុងចំណោមតំបន់អេកូសាស្រ្តសំខាន់ជាសកលទាំង២០០ ជាជម្រកនៃសត្វព្រៃជាង៥០០ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិដើមភាគតិចជង និងព័រ ដែលមានចំនួនជិត ៤ពាន់នាក់។ តំបន់ជួរភ្នំក្រវាញកណ្តាលនេះជាកន្លែងស្តុកទុកបរិមាណកាបូនច្រើន និងមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ ដែលរស់នៅអាស្រ័យទឹកពីតំបន់នោះក្នុងការទ្រទ្រង់កសិកម្ម និងនេសាទ។ ប្រភពទឹកទាំងនោះក៏ជាធនធានសំខាន់ដែលហូរបំពេញបឹងទន្លេសាបដែរ។
អ្នកស្រី ថោង រ៉េត ជាអ្នកដឹកនាំការស្រាវជ្រាវនៃរបាយការណ៍នេះ បានលើកឡើងថា៖ «របាយការណ៍នេះ គឺជាភស្តុតាងវិទ្យាសាស្រ្តមួយអាចបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការអភិរក្ស។ យើងបានថតជាប់នូវសត្វព្រៃចំនួន ១០៨ប្រភេទ ហើយពួកវាតំណាងឱ្យតែផ្នែកខ្លះនៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ។ យ៉ាងណាម៉ាស៊ីនថតស្វ័យប្រវិត្តរបស់យើង មិនអាចចាប់យករូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ យើងត្រូវការការស្រាវជ្រាវយ៉ាងទូលំទូលាយបន្ថែមទៀត ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្រ្តដើម្បីរក្សាការពារឱ្យបាននូវទីមនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ»។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ «លទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថា ព្រៃឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់យើងផងដែរ។ របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ»។
លោកបណ្ឌិតបានបន្តថា៖ «ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ»។
របាយការណ៍ប្រភេទសត្វនេះគឺជាលទ្ធផលនៃកិច្ចសហការរួមរវាងរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិកេរដំណែលតំបន់ទេសភាព ឬហៅថា Legacy Landscapes Found (LLF) ក្រុមហ៊ុន Procter & Gamble Co. (P&G) អង្គការអភិរក្សអន្តរជាតិ សហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងដៃគូដទៃទៀត។ ការស្រាវជ្រាវនេះ ជាឯកសារជំនួយសំខាន់ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ពង្រឹងការអភិរក្សជីវៈចម្រុះ កាត់បន្ថយការប្រែប្រួលអាកាសធាតុ រក្សាទីជម្រកធម្មជាតិដែលផ្តល់នូវទឹកសាប និងធនធានសម្រាប់ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិ៕