(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងតាមដានវឌ្ឍនភាពការរៀបចំបុណ្យសមុទ្រ ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោកបានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដនៅប្រទេសកម្ពុជាក្នុងឱកាសពិធីបុណ្យសមុទ្រនាពេលខាងមុខ។

កិច្ចប្រជុំនេះការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការក្រសួងទេសចរណ៍ សរុប៥២នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

សូមគូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ខណៈនៅសល់រយៈពេលត្រឹមតែជា១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នឹងឈានមកដល់ ដែលជាព្រឹត្តិការណ៍ជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន ជាពិសេសក៏នឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល និងជួយជំរុញឱ្យខេត្តកំពតមានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាលំដាប់៕