(ភ្នំពេញ)៖ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលសម្តែងការទុកព្រះទ័យថា ព្រះរាជាណាចក្រកម្ពុជា នឹងសម្រេចបាន នូវនយោបាយដឹកនាំជាតិដ៏ខ្លាំងក្លាមួយ ក្រោមការកាច់ចង្កូតរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ ព្រះរាជបន្ទូលសម្តែងការទុកព្រះទ័យនេះ បានធ្វើឡើងក្រោយទតមើលឃើញថា រយៈពេលជាង២០ឆ្នាំក្រោយការបញ្ចប់សង្គ្រាម ការដឹកនាំរបស់រាជរដ្ឋាភិបាលពិតជាមានស្ថិរភាពនយោបាយ និងមានសន្តិភាព និងគ្មានអនុភាពណាមកបង្កភាពរង្គោះរង្គើបានឡើយ។ Fresh Exclusive មានសេចក្តីរាយការណ៍អង្កេត និងស៊ីជម្រៅលើបញ្ហានេះ...
ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំរបស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ និងប្រជាពលរដ្ឋ បានរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត ដែលស្របតាមព្រះរាជបណ្តាំរបស់ព្រះបិតាព្រះអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នៅមុនទ្រង់យាងចូលទីរង្គត។
ព្រះរាជបន្ទូលថ្លែងកោតសរសើររបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺនៅក្នុងឱកាស ដែលពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំកំពូលតាមស្ថាប័ននានាទួទាំងប្រទេស បានអបអរសាទរខួប២០ព្រះវស្សានៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤។ នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨, ២៩ និង៣០ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃដ៏មហោឡារឹក ដែលការរៀបចំអបអរសាទរមានទាំងនៅក្នុង និងក្រៅបរិវេណព្រះបរមរាជវាំង ដោយរយៈពេល៣ថ្ងៃជាប់ៗគ្នានោះ ក៏មានការបាញ់កាំជ្រួចអបអរសាទរនៅទន្លេចតុមុខ ជាប់ព្រះបរមរាជវាំង។
ព្រះករុណាព្រះមហាក្សត្រ ថ្លែងព្រះរាជបន្ទូលក្នុងមហាមិទ្ទីញថ្ងៃទី៣០ ខែតុលា ពីលើព្រះវេទិកាចន្ទឆាយា ដែលយាងនិងអញ្ជើញចូលរួមដោយព្រះញាតិវង្ស និងថ្នាក់ដឹកនាំស្ថាប័នកំពូលៗ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ, សម្តេចនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដូចជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, បណ្តាថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នរដ្ឋាភិបាល និងមន្ត្រីរាជការ ពលរដ្ឋ នានាជាច្រើនពាន់នាក់ ទ្រង់បានថ្លែងកោតសរសើរ នូវនយោបាយកាច់ចង្កួតដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ដែលបាននិងធ្វើ ឱ្យកម្ពុជា មានសុខសន្តិភាព និងមានការរីកចំរើនជាបន្តបន្ទាប់ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ៖
«រយៈពេលកន្លងមកមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រណិបតន៍តាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ជាព្រះរាជបណ្តាំបន្ថែមចុងក្រោយរបស់ព្រះករុណាព្រះ បរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនៅក្នុងឆ្នាំ២០១១»។
ប្រវត្តិសាស្ត្របានបង្ហាញថា របបរាជានិយមរបស់កម្ពុជា ត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមក្បត់ជាតិ លន់ នល់, ចេង ហេង, អ៊ិន តាំ និងទ្រង់សីរីមតៈ ដែលក្រុមក្បត់ទាំងនេះ បានធ្វើការកែច្បាប់ និងកែរដ្ឋធម្មនុញ្ញជាតិ ផ្លាស់ប្តូររបបពីរាជានិយម ក្លាយទៅជារបបសាធារណរដ្ឋខ្មែរ និងថែមទាំងនាំប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)ថែមទៀត។ បើគ្មានការតស៊ូរត់ចូលព្រៃនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយការយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងសហការីនាគ្រានោះទេ នោះក៏មិនមានការសង្គ្រោះជាតិខ្មែរទាំងមូល នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងក៏គ្មានកិច្ចព្រមព្រៀងក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ និងក៏គ្មានការវិលត្រឡប់មកវិញ នូវរបបរាជានិយមដូចបច្ចុប្បន្ននេះឡើយ។
គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន អមព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា ពីរដ្ឋធានី ប៉េកាំង យាងវិលត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ បន្ទាប់ពីក្សត្រទាំងទ្វេរ បានគង់ក្នុងភាពនីរទេសអស់ជាច្រើនឆ្នាំ។ របបរាជានិយមលើកទី២ ក្រោយមកបានចាប់កំណើតសាឡើងវិញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅពេលដែលសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានឡើង គ្រងរាជ្យសម្បត្តិសាឡើងវិញ និងប្រទេសកម្ពុជា បានប្តូរទៅជាព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីពេលនោះមក។
ក្រោយការដាក់រាជ្យសម្បតិ្តក្នុងឆ្នាំ២០០៤ ក្រុមប្រឹក្សារាជ្យសម្បត្តិទាំង៩អង្គ/នាក់ ដែលរួមមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា នាពេលនោះ បានសម្រេចជ្រើសតាំងព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជបុត្ររបស់ព្រះអង្គ ជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីខួប២០ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង បានមានប្រសាសន៍រំលឹកត្រួសៗ នូវប្រវត្តិពីអតីតកាលនៃការរស់ឡើងវិញនៃរបបរាជានិយម៖
«ឆ្លៀតឱកាសដ៏កំរនេះ សូមរាជានុញ្ញាតឱ្យទូលបង្គំរំលឹករឿងអតីតកាលខ្លះ ដែលទាក់ទងដល់រាជបល្ល័ង្កនូវរបបរាជានិយមនៅកម្ពុជា, ក្រោមកណ្ដាប់ដៃនៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ។ របបរាជានិយម ត្រូវបានបំបាត់ចោល និងឆ្លងកាត់របបនយោបាយផ្សេងៗគ្នា ៣ជំនាន់រយៈពេល២៣ឆ្នាំ ទើបរបបរាជានិយមត្រូវបានបង្កើតឡើងវិញ ដែលនេះគឺជាអច្ឆរិយហេតុតែមួយគត់នៅលើពិភពលោកយើងនេះ។ ទូលព្រះបង្គំនិងភរិយា ពិតជាមានមោទនភាពដែលបានដង្ហែរ សម្តេចឳ សម្តេចម៉ែ និងព្រះរាជនុវង្សានុវង្ស ចូលមាតុប្រទេសក្នុងព្រះបរមរាជវាំងវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។
ទូលព្រះបង្គំ រួមជាមួយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានដឹកនាំសមាជិក សមាជិកា សភានៃគណបក្សប្រជាជន និងគណបក្ស ហ៊្វុន ស៊ិនប៉ិច ដោយមានកិច្ចសហការពីគណបក្ស ដែលមានអសនៈក្នុងសភាធម្មនុញ្ញ អនុម័តបានរដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងវិញនូវរបបរាជានិងយម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣, ក្នុងឋានៈជាសមាជិកក្រុមព្រឹក្សារាជសម្បត្តិ។ ទូលព្រះបង្គំបានចូលរួមបោះឆ្នោតថ្វាយសម្តេចឳ ជាព្រះមហាក្សត្រដំបូង នៃព្រះរាជាណាចក្រកម្ពុជាទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ២០ឆ្នាំមុននេះ ជាថ្មីម្តងទៀតទូលព្រះបង្គំបានចូលរួមបោះឆ្នោតថ្វាយព្រះករុណាជាអង្គម្ចាស់ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិផង និងក្នុងឋានៈជាប្រធានគណៈកម្មការបោះឆ្នោត ដោយមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាសមាជិកផង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ នៅក្នុងព្រះបរមរាជវាំងនេះ។
២០ឆ្នាំក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាអនុញ្ញាតឱ្យទូលព្រះបង្គំ បានបំពេញបេសកម្មដឹកនាំរាជរដ្ឋាភិបាលប្រកបដោយជោគជ័យ ធានាដល់ការបន្តវេន ពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី ដែលសុទ្ធសឹងតែជាអ្នកស្មោះត្រង់ និងការពាររបបរាជានិយមយ៉ាងរឹងមាំ ដែលគ្មានអានុភាពប្រតិកិរិយាណាមួយអាចបំផ្លាញរាជបល្ល័ង្កបានឡើយ។
ជាថ្មីម្តងទៀតក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំសូមបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កសិទ្ធិទាំងអស់ក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ័ត្រ សូមព្រះអង្គជួយអភិបាលគ្រប់គ្រង ថ្វាយព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង ព្រះមហារក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គបានប្រកប ដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ»។
គួររំលឹកថា ២០ឆ្នាំមុននេះ ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណី រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិថ្ងៃដំបូង កាលពី២០ឆ្នាំមុននោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យ និងមានព្រះរាជបន្ទូលសច្ចាថា ព្រះអង្គ «នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ។
២០ឆ្នាំកន្លងមកនេះ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានអនុវត្តភាពប្តេជ្ញាចិត្តនោះយ៉ាងខ្ជាប់ខ្ជួន និងព្រះអង្គ បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។ ព្រះអង្គតែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព និង ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាងសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែផងទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្ម ភាពរបស់កាកបាទក្រហមកម្ពុជា។
ក្នុងព្រះរាជបន្ទូល វេលាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំថ្ងៃដែលមានព្រះរាជពិធីថ្វាយព្រះពរនៅក្នុងព្រះបរមរាជវាំង, ព្រះមហាក្សត្រ បានបង្ហាញហទ័យរំភើបនៅពេលបានឃើញប្រជានុរាស្ត្ររបស់ព្រះអង្គ ទទួលបានសេចក្តីសុខ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសមិទ្ធផលជាតិយ៉ាងធំធេង៖
«នេះជាមោទនភាព របស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលផ្តើមចេញពីការខិតខំបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នជាតិ គ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជារាស្ត្រកម្ពុជា គ្រប់បណ្តាខេត្តរាជធានី ចំពោះជោគវាសនារបស់ប្រទេសជាតិ និងអនាគតដ៏រុងរឿងនៃប្រជារាស្រ្តយើង។ ក្នុងរយ:ពេលកន្លងមក មានការងារជាច្រើនដែលយើងទទួលបានលទ្ធផលល្អប្រសើរយ៉ាងធំធេង គួរជាទីពេញចិត្ត ហើយក៏នៅមានការងារមួយចំនួនទៀត ដែលនឹងត្រូវខិតខំបំពេញបន្តនៅពេលបច្ចុប្បន្ន និងនៅពេលខាងមុខសំដៅរក្សាស្ថេរភាព កិច្ចអភិវឌ្ឍន៍សង្គម ការពារសន្តិសុខសង្គម ជាសង្គមមានភាពស្អាតស្អំ និងបន្តលើកម្ពស់ជីវភារស់នៅរបស់ប្រជារាស្រ្តយើង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ក្នុងព្រះរាជពិធីថ្វាយព្រះពរដល់ព្រះអង្គ នាល្ងាចថ្ងៃទី២៩ ខែតុលា ក្នុងព្រះបរមរាជវាំងនោះ ព្រះមហាក្សត្រ នៅបានមានព្រះរាជបន្ទូលសម្តែងនូវហទ័យរំភើបរីករាយចំពោះពរស័ព្ទសាធុការសិរីមង្គល និងក្តីមោទនភាពរបស់ព្រះអង្គ បន្ទាប់ពីបានឃើញសភាពការណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលពីមួយថ្ងៃទៅមួយ ជាពិសេសប្រជានុរាស្ត្ររបស់ព្រះអង្គតែងទទួលបានសេចក្តីសុខ និងប្រទេសជាតិ ក៏កំពុងធ្វើដំណើរលើទិសដៅដ៏ត្រឹមត្រូវទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។
ព្រះអង្គបានមានព្រះរាជបន្ទូលថា៖ «សមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើង អាស្រ័យស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងនីតិតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជារាស្រ្តទូទាំងប្រទេស បានរួមគ្នាកសាងឡើងក្រោមកម្លាំង មហាសាមគ្គីឯកភាពជាតិដ៏រឹងមាំ របស់ប្រជាជាតិយើង តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចជួយឱ្យរង្គោះរង្គើបានឡើយ»។
ព្រះរាជបន្ទូលដូចគ្នានេះផងដែរ ត្រូវបានព្រះអង្គលើកឡើងក្នុងមហាមិទ្ទីញ នៅមុខព្រះបរមរាជវាំង ថ្ងៃទី៣០ ខែតុលា ដោយទ្រង់កត់សម្គាល់ថា៖ «បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែល ផ្តើមចេញពីកម្លាំង កសាងនិងការពារជាតិមាតុភូមិ…» និងព្រះអង្គបានអំពាវនាវដល់ពលរដ្ឋ ត្រូវរួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញរបស់ជាតិនាបច្ចុប្បន្ននេះ៖
«នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អួនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋយើង ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ មហាសាមគ្គីជាតិទាំងមួលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានាជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង»។
កម្ពុជាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុង រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវគេឃើញថា បានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយពីមួយថ្ងៃទៅមួយថ្ងៃក្នុងការនាំប្រទេស ដែលអស់សង្គ្រាម ឈានចេញពីភាពក្រីក្រ ស្វែងរកសុភមង្គលថ្មី និងសេចក្តីសុខសាន្តសម្រាប់ប្រជាជនរបស់ខ្លួនឯង។
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាងមួយឆ្នាំនៃការកាច់ចង្កូតប្រទេសជាតិ បានធ្វើដំណើរឆ្លងកាត់ទ្វីបទាំង៥ នៃពិភពលោក គឺទ្វីបអាស៊ី អាមេរិក អាហ្វ្រិច អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ ដែលជាសកម្មភាពការបរទេសនៅក្រៅសុ្រកមួយដ៏មមាញឹក និងសកម្ម និងដំណើរចេញទៅក្រៅប្រទេសទាំងនោះ គឺដើម្បីតែប្រទេសជាតិ ទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរយៈការបណ្តាក់ទុន និងការបង្ហាញនូវនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងកិត្យានុភាពរបស់ជាតិ ប្រាប់ទៅកាន់ពិភពលោក។
សម្តេចបវរធិបតី ក្រៅពីបានអញ្ជើញចូលរួមកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដូចជាឆ្នាំ២០២៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងចុងក្រោយឆ្នាំ២០២៤ នៅក្នុងប្រទេសឡាវ នៅបានធ្វើទស្សនកិច្ច តាមបណ្តាប្រទេសជាមិត្តទាំងឡាយទាំងនៅក្នុងតំបន់ផង និងសកលលោកផង ដែលដំណើរទស្សនកិច្ចស្វែងរកប្រយោជន៍ដល់ប្រជាជាតិខ្មែរនោះហើយ បានធ្វើឱ្យមានការទុកព្រះទ័យជាខ្លាំងពីព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលបានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទីមួយ ពិតជានឹងនាំប្រទេសឈានទៅរកសុភមង្គលកាន់តែប្រសើរថែមទៀតជាមិនខានឡើយ។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលសម្តែងការជឿជាក់របស់ព្រះអង្គទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលបន្ទូលបង្ហាញជំនឿជឿជាក់នេះ បានធ្វើនៅក្នុងមហាមិទ្ទីញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៖
«តាមរយៈមហាមីទ្ទីងដ៏ឧត្តុងឧត្តមអធិកអធមនេះ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់រស់នៅក្រោម ដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានការឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមីនៃព្រះមហាក្សត្រ ខ្មែរដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ល្បីល្បាញនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ»។
ដូច្នេះក្នុងរយៈកាល២០ឆ្នាំ ចាប់តាំងពីមានការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នោះមកព្រះអង្គបានមានបន្ទូលកត់សម្គាល់ឃើញដោយជាក់ស្តែងនូវភាពសុខដុមរមនារបស់ជាតិ សាសនា និងព្រះរាជបល្ល័ង្គ ជាពិសេសសន្តិភាពដ៏ រឹងមាំមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលគ្មានអនុភាពណាមកបង្កឱ្យមានភាពរង្គោះរង្គើបានឡើយ។ មូលហេតុនេះហើយ បានជាព្រះមហាក្សត្រ ទ្រង់បានទុកព្រះទ័យលើការកាច់ចង្កូតនាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះ៕