(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ គឺការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា និងការត្រៀមខ្លួនរួចរាល់ ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធីប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា«ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ខាងមុខ»។
សម្តេចមហាបវរធិបតីមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម ដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតនៅក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាព និងកម្លាំងសេដ្ឋកិច្ចកម្ពុជា។
សម្តេចមហាបវរធិបតី បានបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ។ ការសម្រេចធ្វើជាម្ចាស់ផ្ទះនឹងអាចប្រព្រឹត្តិទៅបាន គឺអាស្រ័យទៅលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និងគ្រប់គ្រាន់សម្រាប់ការរៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំឱ្យបានល្អ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចមហាបវរធិបតី បន្តថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ខាងមុខ កម្ពុជាមានមហិច្ចតា ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋាកិច្ចល្អ និង សេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជា។
សូមជម្រាបថា កាលពីឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង និងទទួលបានការកោតសរសើរពីអន្តរជាតិ។ ក្នុងនោះក្នុងកម្ពុជាទទួលបានមេដាយ២៨២គ្រឿង ឈរនៅលេខរៀងទី៤ ចំណោមប្រទេសទាំង១១៕