(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តន៍ ការធ្វើកំណែរទម្រង់វិស័យកីឡាទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំង និងក្លៀវក្លាបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានថ្លែងដូចនេះនាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាធិបតីបើកកម្មវិធីប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «​នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តន៍ ការកំណែរទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំង និងក្លៀវក្លា ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នាពេលនេះ ជាឱកាសថ្មីមួយទៀតដែលបានបង្ហាញអំពីការរីកចំរើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ខាងមុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការកីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយការទូត សេដ្ឋកិច្ច វប្បធម៍ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរ ដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហ៊ានទៀត ក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជាផងដែរ៕