(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រុកចូលក្នុងក្លឹបកំសាន្តយីហោ ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន។
ទាក់ទិននិងរឿងនេះដែរ ខាងសារពត៌មានបានទំនងទំនងលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត មិនមានការឆ្លើយតបនោះទេ។
ក្រោយការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តខាងលើនេះរួចមក រហូតព្រឹកឡើងបានឃើញដឹកតាមរថយន្ត១៦កៅអី របស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១។ ដោយឡែក មធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកយកទៅរក្សាទុក រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។
ដោយឡែកជនសង្ស័យខាងលើ រងចាំកម្លាំងជំនាញសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្ត មិនមានសារធាតុញៀនទេ នឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។
គួររំលឹកផងដែរថា រយៈការកន្លងមកនេះ អាជ្ញាធរមូលដ្ឋានពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកំសាន្ត (KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកំសាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី រហូតសមត្ថកិច្ចឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ហើយកន្លែងខ្លះត្រូវបានបិទបណ្ដោះអាសន្នថែមទៀតផង។
ករណីដែលកម្លាំងសមត្ថកិច្ចចុះពិនិត្យរហូតឈានដល់ឃាត់ខ្លួនជនបរទេសនិងខ្មែររហូតជាង ១០០ នាក់នេះ មិនដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ៕