(សៀមរាប)៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ឡាវ លើកទី៣ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Phouthone Dalalom អគ្គនាយករងទីផ្សារទេសចរណ៍ នៃក្រសួងព័ត៌មាន វប្បធម៌ ទេសចរណ៍ឡាវ ក្រោមស្មារតីនៃកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី២ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ ក៏បានចុះហត្ថលេខា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ២០២៥-២០២៦ ដោយផ្តោតលើសកម្មភាពសំខាន់ៗ ចំនួន១៥៖ ក្រោមចំណុចកិច្ចសហប្រតិបត្តិការចំនួន ០៤ រួមមាន៖
ទី១៖ កិច្ចសហប្រតិបត្តិការលើការសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន
ទី២៖ ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍រួម
ទី៣៖ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍រួម
និងទី៤៖ ការតភ្ជាប់ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍៕