(ភ្នំពេញ)៖ លោក ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាឧត្តមទីប្រឹក្សា នៃក្រុមប្រឹក្សា វិទ្យាសាស្រ្តស្រាវជ្រាវ និងកិច្ចការសង្គម នារសៀលថ្ងៃអង្គារទី២៩ ខែតុលា ឆ្នាំ២០៤ បានអញ្ជើញជាប្រធានគណអធិបតី ក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្ដុះបណ្ដាល «កិច្ចការរដ្ឋបាលនិងពិធីការ»។
ពិធីនេះ រៀបចំឡើងដោយក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវ និងកិច្ចការសង្គម នៅសាលវិមានសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតីពីសំណាក់ លោក សាស្រ្តាចារ្យ បណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុបលោក បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា លោកសាស្រ្តាចារ្យ បណ្ឌិត ឈិន សីហា អគ្គាភិបាលនៃក្រុមប្រឹក្សា និងលោកសាស្រ្តាចារ្យជំនួយ លីម អាស៊ីគីន ប្រធានក្រុមប្រឹក្សាផងដែរ។
ក្នុងឱកាសនៃពិធីនេះ លោក ងួន ស្ដេចភក្ដី បានអញ្ជើញឡើងមានមតិសំណេះសំណាលនិងផ្ដល់អនុសាសន៍គន្លឹះជាច្រើន ដល់សិក្ខាកាមជ័យលាភី និងអង្គពិធីទាំងមូល ជាពិសេសលោកបានសង្កត់ធ្ងន់ ទៅលើការសិក្សារៀនសូត្រឱ្យមានចំណេះជំនាញច្បាស់លាស់ ដើម្បីត្រៀមខ្លួនទៅប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកក៏បានបន្តទៀតថា មានតែខួរក្បាលដែលគ្មានគីមីប៉ុណ្ណោះ ដែលនាំឱ្យមនុស្សជោគជ័យក្នុងជីវិតបាន ហើយការសិក្សាពិតជាសំខាន់ណាស់ មិនថា ចាស់ឬក្មេងនោះទេ គឺសិក្សាដើម្បីការអភិវឌ្ឍសមត្ថភាពខ្លួនឯង និងធ្វើសង្គមជាតិមានការរីកចម្រើន ជាពិសេសត្រូវយកចំណេះ ជំនាញដែលខ្លួនមានយកទៅប្រកបកិច្ចការងារនានា ដោយវិជ្ជាជីវៈខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្នុងនោះលោកក៏បានកោតសរសើរថ្នាក់ដឹកនាំក្រុមប្រឹក្សា និងក្រុមការងារវគ្គបណ្ដុះបណ្ដាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការរួមចំណែកក្នុងវិស័យអប់រំ និងសិក្សាធិការឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើង និងស្នើឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ ជាបន្តបន្ទាប់ទៀតផងដែរ៕