(សៀមរាប)៖ កម្ពុជា-ឡាវ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាង ផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ ក្រោមវត្តមានមានរបស់លោកបណ្ឌិត ថុក សុខុម រដ្ឋលេធិការក្រសួងទេសចរណ៍និងលោក អ៊ឺង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោក Phouthone Dalalom ប្រធានប្រតិភូក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដោយមានអ្នកចូលរួមពីអន្តរក្រសួងស្ថាប័ន និងផ្នែកឯកជននៃប្រទេសទាំងពីរជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត ថុក សុខុម បានរំលឹកយ៉ាងខ្លីនូវទស្សនៈវិស័យរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍ថា អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» សម្រាប់ការរួមចំណែកប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ១៣% ដល់ GDP របស់ប្រទេស ដែលបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

លោកបណ្ឌិតបន្តថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា គឺជាលទ្ធផលផ្ទាល់នៃសន្តិភាព និងស្ថិរភាពសង្គមយូរអង្វែង ដែលសម្រេចបានតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

លោកបណ្ឌិត ថុក សុខុម ជឿជាក់ថា វេទិកានេះនឹងអាចស្វែងយល់ពីកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងធុរកិច្ចទេសចរណ៍កម្ពុជា និងឡាវ ព្រមទាំងកំណត់បញ្ហាប្រឈម និងឱកាសក្នុងវិស័យទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ព្រមទាំងចែករំលែកនូវការអនុវត្តល្អ និងយុទ្ធសាស្ត្រច្នៃប្រឌិតក្នុងទីផ្សារទេសចរណ៍, ការផ្តល់សេវាកម្ម, បង្កើតបណ្តាញទេសចរណ៍ និងភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។

លោកបណ្ឌិត បន្ថែមថា កិច្ចប្រជុំ និងវេទិការបស់យើង និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែរឹងមាំរវាងកម្ពុជា និងឡាវ។ ជាមួយនឹងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរ និងទស្សនៈវិស័យរួមគ្នា ដើម្បីបង្កើតអនាគតទេសចរណ៍ប្រកបដោយវិបុលភាព, និរន្តរភាព សម្រាប់ប្រទេសជាតិរបស់យើង។

លោក Phouthone DALALOM បានលើកឡើងថា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានអត្ថន័យ និងបដិសណ្ឋារកិច្ច ដ៏កក់ក្តៅបំផុតនេះ។ ការរៀបចំដ៏ល្អដល់គណៈប្រតិភូរបស់យើង នៅលើទឹកដីក្នុងខេត្តសៀមរាបនេះផងដែរ។ លោកបន្តថា ដូចដែលយើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថា ប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែង ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការទេសចរណ៍។

លោកបានបន្តទៀតថា ឧស្សាហកម្មទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងឡាវ ដើម្បីបង្កើតប្រាក់ចំណូលដល់ប្រទេស ផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ និងតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។

លោកបញ្ជាក់ថា វេទិកាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា និងឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត និងស្វែងរកមធ្យោបាយ ដើម្បីអនុវត្តសកម្មភាព ទេសចរណ៍ទ្វេភាគីរបស់យើង។ វិស័យធុរកិច្ច ក៏នឹងមានឱកាសល្អ ក្នុងការពង្រីកបណ្តាញរបស់ពួកគេ និងបង្កើតកម្មវិធីកញ្ចប់ដំណើរកម្សាន្តរួមគ្នាផង​ដែរ៕