(កំពង់ធំ)៖ លោក ព្រំ សោន សមាជិកក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសមាជិកសមាជិកា មន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ លោកអាចារ្យគណ:កម្មការ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកស្ទោងប្រមាណជាង៥០០នាក់ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណវត្តឥន្ទរង្សី ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ទាំងនេះសរឱ្យឃើញពីការគោរពដឹងនូវគុណូបការដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ខេត្តកំពង់ធំ និងស្រុកស្ទោង
ដែលលោកបានគិតគូរយកចិត្តទុកដាក់ជាមួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចូលរួមអភិវឌ្ឍនិងកសាងនូវសមិទ្ធផលច្រើនឥតគណនានៅក្នុងស្រុកស្ទោង ដូចជា អគារមន្ទីរពេទ្យ សាលារៀន ផ្លូវ ស្ពាន ថ្នល់ ព្រះវិហារ សាលាឆាន់ និងសមិទ្ធផលជាច្រើនទៀតមិនអាចរៀបរាប់អស់។

ទន្ទឹមនឹងនេះ លោកសាយ គឹមឡម ក្នុងនាមថ្នាក់ដឹកនាំស្រុកបានអានសាររំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ និងក្រុមគ្រួសារដែលបានបាត់បង់ប្តី លោកឪពុក ជីតាជាទីគោរព ជាឥស្សរជនឆ្នើមប្រកបដោយឆន្ទៈមនសិការឧត្តមប្រយោជន៍ជាតិមាតុភូមិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ គួរឲ្យក្រៀមក្រំនិងអាឡោះអាល័យសោកសង្រេងសោកស្តាយក្រៃលែង។

ជាមួយគ្នានេះក៏មានពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត ជា ចាន់តូ សូមបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ។

លោកអភិបាលស្រុកស្ទោងបានគោរពកោតសរសើរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធលោកនៅពេលនេះ ហើយលោកបានអំពាវនាវដល់លោកអាចារ្យគណៈកម្មការ គ្រូចៅអធិការវត្ត លោកនាយក លោកគ្រូអ្នកគ្រូ និង គ្រឹះស្ថានសាធារណៈមួយចំនួនសូមដាក់តាំងតម្កល់រូបថតលោកបណ្ឌិត ជា ចាន់តូ ដើម្បីជាការគោរពដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកដើម្បីស្រុកស្ទោង៕