(ឧត្តរមានជ័យ)៖ ព្រះពុទ្ធឧត្តរមុនី អឿង សំអាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិជ័យធម្មាភិរក្ស ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តឧត្តរមានជ័យ រួមជាមួយប្រជាពុទ្ធបរិស័ទជិត ឆ្ងាយ បានដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តវិជ័យធម្មកុញ្ចរាធិបតី ហៅវត្តកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

វត្តវិជ័យធម្មកុញ្ចរាធិបតី ហៅវត្តកូនដំរី គឺជាវត្តមួយដែលនៅឆ្ងាយពីទីប្រជុំជន មានសភាពខ្វះខាតខ្លាំង ដោយសារពុំមានពុទ្ធបរិស័ទ ឫសប្បុរសជន ឆ្ងាយៗបានមកដល់នោះទេ ផ្ទុយទៅវិញមានតែពុទ្ធបរិស័ទចំណុះជើងវត្តតែប៉ុណ្ណោះដែលចេញចូលវត្តមួយនេះតែរដូវបុណ្យទានធំទៀតផង ជាហេតុធ្វើឱ្យដំណើរការកសាងវត្តនេះមានភាពយឺតយ៉ាវ។

ដោយមើលឃើញពីភាពខ្វះខាតនៃវត្តមួយនេះ ព្រះពុទ្ធឧត្តរមុនី អឿង សំអាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិជ័យធម្មាភិរក្ស ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ខេត្តឧត្តរមានជ័យ បានផ្តួចផ្តើមអង្គឋិនទានសាមគ្គីមួយ ដង្ហែទៅកាន់វត្តកូនដំរីនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ស៊ី សុថុន សមាជិកក្រុមប្រឹក្សាក្រុងសំរោង និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រមូលបច្ខ័យបានសរុបចំនួន២០,៨០៦,៥០០រៀល។

ក្រៅពីផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យទៅកសាងវត្តកូនដំរីនេះ ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ខេត្តឧត្តរមានជ័យ ក៏បានផ្តួចផ្តើមក្នុងការជួលគ្រឿងចក្រ មកកាយប្រឡាយព្រំវត្តផងដែរ ដោយក្នុង១ម៉ែត្រតម្លៃ២ម៉ឺនរៀល និងអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមជាបច្ច័យចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ QR corde របស់ព្រះអង្គ ព្រំនាម អឿង សំអាង។

សូមបញ្ជាក់ថា ក្រៅពីពិធីដង្ហែអង្គកឋិនទានសាមគ្គីនៅវត្តកូនដំរី ក៏មានពិធីបញ្ចុះបឋមសិលាឆ្លងរោងឧបោសថ ស្រោចស្រពសុគន្ធវារីប្រគេនព្រះភិក្ខុដ្ឋានរចនាធម្មោ នួន ស៊ីណាន ព្រះចៅអធិការស្តីទី វត្តកូនដំរីផងដែរ៕